រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ ខណៈអ្នកជាសះស្បើយម្នាក់។

អ្នកឆ្លងជំងឺកូវីដ-១៩ ដែលរកឃើញនៅព្រឹកនេះ៖ ទី១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ ច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ជាការកត់សម្គាល់ មានអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន៧២នាក់ ដែលនៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៧១នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញចំនួន ០១នាក់ សណ្ឋាគារមួយទៀតចំនួន០៨នាក់ និងសណ្ឋាគារមួយផ្សេងទៀតចំនួន៦២នាក់។

ទី២- ស្ត្រីជនជាតិខ្មែរ អាយុ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ជាការកត់សម្គាល់ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៥៣នាក់ ដែលនៅក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។

រីឯអ្នកដំណើរចំនួន ៥២នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញចំនួន ២០នាក់ និងសណ្ឋាគារមួយទៀត ចំនួន៣២នាក់។

ចំណែកអ្នកជាសះស្បើយវិញ គឺជាបុរសជនជាតិខ្មែរអាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញជាអ្នក ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ៕