ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ បានចុះមកយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម(ប្រភេទMK82) ក្នុងភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ដើម្បីយកទៅរក្សាទុក និងត្រៀមកម្ចេចចោល។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោក តុប សារុន នាយរងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ សហការជាមួយមន្រ្តីជំនាញស៊ីម៉ាក់ និងកម្លាំងអធិការនគរបាលស្រុកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានការចុះយកគ្រាប់បែក១គ្រាប់ចេញពីក្នុងដី ហើយត្រូវមន្រ្តីជំនាញប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ដឹកយកមករក្សាទុកកន្លែងមានសុវត្ថិភាព ។

សមត្ថកិច្ច បញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ គឺសេសសល់ពីសម័យសង្រ្គាម ដែលប្រជាពលរដ្ឋប្រទះឃើញ នៅតាមបណ្តោយផ្លូវជាតិ២២ត្រង់ចំណុចមុខបណ្ណាល័យច័ន្ទសោម សែនមង្គលស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ។ នេះជាគ្រាប់ប្រភេទ(MK៨២) មានបណ្តោយស្មើនិង២,២ម៉ែត្រ ទំហំស្មើនិង២៧៥មីលីម៉ែត្រ ទម្ងន់ស្មើនឹង២២៧គីឡូក្រាម៕