ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងស្ទាវដ៏ល្បីល្បាញប្រចាំខេត្ត ដែលមានរហស្សនាម«ហុងកុងធីអឹម»ប្រមាណ១៥នាក់ប្រដាប់ដោយដំបង កាំបិត ពូថៅ បានបើកការវាយប្រហារយុវជនក្រុមមួយបណ្តាលឲ្យរងរបួស៣នាក់ ត្រូវសមត្ថកិច្ចចាប់បាន២នាក់បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។

មន្រ្តីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្មេងស្ទាវជាជនបង្ករបួសស្នាមទាំង២នាក់នេះ ម្នាក់ឈ្មោះ អាំង ពុយរាំង ហៅបារាំង ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហេង សៀងហៃ ភេទប្រុស អាយុ១៥ឆ្នាំ ។ ទាំង២នាក់រស់នៅភូមិតារាងបាល់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

ចំណែកយុវជន៣នាក់ដែលរងរបួស៖ ១-ឈ្មោះ សី ចំរើន អាយុ១៦ឆ្នាំ, ២-ឈ្មោះ ឡុង ច័ន្ទចេស្តា អាយុ១៨ឆ្នាំ និង៣-ឈ្មោះ ហេង ចំណាន អាយុ១៧ឆ្នាំ ។ ទាំង៣នាក់មានទីលំនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

កាលពីវេលាម៉ោងប្រមាណ១១និង១០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខណៈក្រុមយុវជនរងគ្រោះមានគ្នា៥នាក់កំពុងហូបនំចំណីនៅផ្សាររាត្រី ក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ស្រាប់តែក្រុមក្មេងស្ទាវដ៏ល្បីល្បាញប្រចាំខេត្ត ដែលមានរហស្សនាម«ហុងកុងធីអឹម»ប្រមាណ១៥នាក់ប្រដាប់ដោយដំបង កាំបិត ពូថៅ បានបើកការវាយប្រហារទៅលើក្រុមយុវជនរងគ្រោះទាំង៥នាក់ បណ្ដាលឱ្យរងរបួស៣នាក់។

ក្រោយពេលកើតហេតុ ក្រុមយុវជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឱ្យជួយអន្តរាគមន៍។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាជនដៃដល់ចំនួន២នាក់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅភូមិតារាងបាល់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាំទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ។ ជនសង្ស័យសាភាពថា ពួកខ្លួនជាក្រុម«ហុងកុងធីអឹម» ពិតជាបានធ្វើសកម្មភាពវាយនិងកាប់ជនរងគ្រោះប្រាកដមែន ៕