ខេត្តព្រះសីហនុ៖ ក្រោយពីអាជ្ញាធរខេត្តព្រះសីហនុ ធ្វើការអប់រំ និងធ្វើការណែនាំ ហាមជាច្រើនលើក នៅតែស្តាប់គ្នាមិនបាន ទើបនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះហាមឃាត់ការលក់ដូរលើចំណីផ្លូវ(ខឿនក្រាលការ៉ូឡា)តាមបណ្តោយផ្លូវ ចាប់ពីមុខមន្ទីរពេទ្យបង្អែកខេត្ត, រង្វង់មូលតោ២ រហូតដល់ផ្លូវជាប់ឆ្នេរសមុទ្រ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា មានសម្ភារលក់ដូរមួយចំនួនត្រូវបានដកហូត ដោយសំអាងថា អាជ្ញាធរបានធ្វើការអប់រំច្រើនលើករួចមកហើយ និងថាការងារនេះនឹងធ្វើជាបន្តបន្ទាប់ តាមរយៈវិធានការក្តៅ ដើម្បីរក្សាសោភណភាព សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈដែលទើបស្ថាបនាថ្មីរួច ៕