ប៉ូលីសប្រទេសចិន បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សជាង ៨០នាក់ លើបទសង្ស័យក្នុងការផលិត និងលក់វ៉ាក់សាំងការពារជំងឺកូវិត-19 ក្លែងក្លាយ។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍ថា ប៉ូលីសបានឆ្មក់ចូលទីតាំងផលិតនៅទីក្រុងប៉េកាំងនិងខេត្ត Jiangsu និង ខេត្ត Shandong ហើយបានរឹបអូសវ៉ាក់សាំងក្លែងក្លាយ ប្រមាណ ៣.០០០ ដូស។

ជនសង្ស័យ ត្រូវបានគេនិយាយថា បានបង្កើតវ៉ាក់សាំង ចាប់តាំងពីខែកញ្ញា ឆ្នាំមុនហើយលក់វាក្នុងតម្លៃខ្ពស់។ កាសែតជាភាសាអង់គ្លេស The Global Times ដែលមានទំនាក់ទំនងជាមួយគណបក្សកុម្មុយនីស្តចិន បានដកស្រង់ប្រភពព័ត៌មាន ដែលនិយាយថា ជនសង្ស័យអាចមានគម្រោងនាំយកវ៉ាក់សាំង ចេញទៅក្រៅប្រទេស។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនប៊ីន បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា រដ្ឋាភិបាល យកចិត្តទុកដាក់លើសុវត្ថិភាពវ៉ាក់សាំង យ៉ាងខ្លាំងបំផុត ហើយនឹងបង្ក្រាបការផលិតនិងលក់វ៉ាក់សាំងក្លែងក្លាយ។ លោក បានសង្កត់ធ្ងន់ថា ប្រទេសចិន នឹងធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ ជុំវិញពិភពលោក ដើម្បីការពារវ៉ាក់សាំងក្លែងក្លាយពីការចែកចាយ។

ប្រទេសចិនកំពុងផ្តល់វ៉ាក់សាំង ដែលផលិតក្នុងស្រុកជាចម្បងដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទីក្រុងប៉េកាំង កំពុងយកចិត្តទុកដាក់ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយ ដូច្នេះអ្នកទទួលនឹងមិនបាត់បង់ការជឿទុកចិត្តលើវ៉ាក់សាំងរបស់ខ្លួននោះទេ។