បរទេស៖ ក្រុមសង្គមងងឹត​បានលួចផលិតវ៉ាក់សាំង​ក្លែងក្លាយ ហើយត្រូវបានអាជ្ញាធរចិន នៅខេត្ត​ជាងស៊ូ ទីក្រុងប៉េកាំង និងខេត្តសានដុង បង្រ្កាប និងចាប់ខ្លួនជាង៨០នាក់ ហើយរឹបអូសបានវ៉ាក់សាំងក្លែងក្លាយ ជាង៣ ០០០ដូស​។

ក្រសួងសន្តិសុខជាតិចិន បានឲ្យដឹងថា កាលពីថ្មីៗនេះ អាជ្ញាធរចិនបានបើកយុទ្ធនាការ​បោសសម្អាតក្រុមជនល្មើសពាក់ព័ន្ធនឹងការផលិត  ចែកចាយវ៉ាក់សាំងក្លែងក្លាយ​​ និងសកម្មភាពខុសច្បាប់ជាច្រើនផ្សេងទៀត ពាក់ព័ន្ធនឹងវ៉ាក់សាំង។ នៅក្នុងប្រតិបត្ដិការនេះ អាជ្ញាធរចិន​បានឃាត់ខ្លួនក្រុមជនល្មើស ជាង៨០នាក់ រួមនឹងវត្ថុតាងផងដែរ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមបណ្ដាញសង្គមងងឹត បានផលិត និងជួញដូរវ៉ា់ក់សាំងក្លែងក្លាយ ដោយរកបាន​ប្រាក់ចំណូលយ៉ាងច្រើន។ ដោយឡែក​ការផលិតវ៉ាក់សាំងរបស់ពួកគេ​ គឺ​ប្រើប្រាស់ទឹកអំបិលសរីរវិទ្យា (Physiological saline)​ ធ្វើជាវ៉ាក់សាំងក្លែងក្លាយ​ រួចហើយនាំចេញទៅលក់នៅលើទីផ្សារ នៅក្នុងតម្លៃខ្ពស់ ចាប់តាំងពីខែកញ្ញា ​ឆ្នាំ​២០២០ រហូតមកទល់នឹងពេលនេះ។

ប្រភពព័ត៌មានដដែល បានបន្ថែមថា ក្រៅពីនេះ ក្រុមជនល្មើសបានបន្លំឯកសារ ធ្វើជា​ក្រុម មកពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង​​ ដើម្បីទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ។ សកម្មភាពរបស់ជនល្មើស បានបន្លំភ្នែកធ្វើឡើង ស្រប​ពេលរដ្ឋាភិបាលចិន​កំពុងខិតខំចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ​-១៩ នៅក្នុងសហគមន៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្ដែសកម្មភាពនេះ ត្រូវបានអាជ្ញាធរចិនបង្រ្កាបទាន់ពេល។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសចិន​មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៩ ៦១៩នាក់ ស្លាប់ ៤ ៦៣៦នាក់ អ្នកព្យាបាលជាសះស្បើយ ៨៣ ៤៦៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១ ៥១៦នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៦៦នាក់។ ប៉ុន្ដែរហូតមកដល់ពេលនេះ រដ្ឋាភិបាលចិនបានចាក់​វ៉ាក់សាំងកូវីដជូនពលរដ្ឋបាន ចំនួន២៤លាននាក់​៕