រាជធានីភ្នំពេញ ៖ ក្មេងស្រីខ្មែរ-អ៊ិស្លាមម្នាក់ ដែលបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ត្រូវស្រ្តីជាម្ចាស់ផ្ទះចិត្តកំណាចឃោរឃៅធ្វើទារុណកម្មកាត់ត្រចៀក តែយ៉ាងណា ក្មេងស្រីរងគ្រោះត្រូវអាជ្ញាធរខ្មែរ សហការជាមួយអាជ្ញាធរម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតព្រះរាជាណាចក្រណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះដោយជោគជ័យ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជា នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៤៥នាទីរសៀល ។

ក្មេងស្រីរងគ្រោះដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន ក្រីម៉ះ អាយុ១៦ឆ្នាំ។ បច្ចុប្បន្នកំពុងអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យឃើញថា មានការចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សាដែលកើតឡើងលើពលការិនីជនជាតិខ្មែរ-អ៊ិស្លាមម្នាក់នៅប្រទេសម៉ាឡេស៊ី ត្រូវម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ ទើបអាជ្ញាធរខែ្មរ ជួយសង្គ្រោះនាងបានជោគជ័យ ដោយធ្វើការរំដោះក្មេងស្រីរងគ្រោះ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ឧត្តមសេនីយ៍ ជីវ ផល្លី បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចម៉ាឡេស៊ីកំពុងស៊ើបអង្កេតដើម្បីមានចំណាត់ការបន្តលើជនដៃដល់ រីឯជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ និងបានអនុវត្តវិធានចត្តាឡីស័ករួចរាល់ ហើយកម្លាំងជំនាញរបស់នាយកដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់នាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធីនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕