រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង៤៧នាទីយប់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក និងពិនិត្យសារធាតុស្រវឹង បានធ្វើការឃាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer X ពាក់ផ្លាកលេខ កណ្តាល 1X-៨៤៦៤ ដែលល្មើសបើកបរម៉ូតូមានអត្រាជាតិស្រវឹង 0.32 mg/L ។

សមត្ថកិច្ច បញ្ជាក់ថា អ្នកបើកបរដោយឈ្មោះ វ៉ាន់ វុធ ភេទប្រុស សមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ លុះដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទីព្រឹក ឈ្មោះ ម៉ូវ សារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ដែលជាម្ចាស់ម៉ូតូ បានចូលខ្លួនមកបង់ប្រាក់ពិន័យចំនួន២៥០,០០០រៀល តែពេលនោះដោយបង្កាន់ដៃបង់ប្រាក់មានចំនួន០២ក្បាល ដាក់នៅជិតគ្នា មន្ត្រីចរាចរណ៍បានសរសេរច្រឡំ យកបង្កាន់ដៃបង់ប្រាក់ដែលមានចំនួនទឹកប្រាក់៧៥,០០០រៀល ហែកប្រគល់ជូនម្ចាស់ម៉ូតូ ជាក់ស្តែងគឺត្រូវពិន័យ ២៥០,០០០រៀល ។

ទាក់ទងទៅនឹងការសរសេរប័ណ្ណផាកពិន័យខុសរបស់សមត្ថកិច្ច គណនីហ្វេសបុកមួយឈ្មោះថា Sary Sa បានសរសេរសារបង្ហោះ ធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើសមត្ថកិច្ចជាខ្លាំង ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញបានទាក់ទងទៅឈ្មោះខាងលើ និងបានបកស្រាយពីកំហុសដោយអចេតនារបស់សមត្ថកិច្ច ទើបឈ្មោះ ម៉ូវ សារី(FB Sary Sa) បានយល់ច្បាស់ពីការផាកពិន័យនេះ ហើយគាត់ក៏មានការឯកភាពយកប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ៧៥.០០០ រៀលមកវិញ ហើយផ្នែកជំនាញបានសម្របសម្រួលជាមួយគាត់ប្តូរប័ណ្ណពិន័យអន្តរការទឹកប្រាក់ចំនួន ២៥០.០០០ រៀល ជូនគាត់វិញ ។

ក្រោយពីមានពន្យល់ណែនាំម្ចាស់គណនីហ្វេសបុកឈ្មោះ Sary Sa យ៉ាងច្បាស់លាស់រួចមក គាត់ក៏បានយល់ និងបានសរសេរអត្ថបទកែតម្រូវឡើងវិញនៅលើហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Sary Sa រួចរាល់ហើយដែរ ៕