ភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន អ្នកបន្ទោបង់ដាក់លើជញ្ជាំងតាមទីសាធារណៈ បានចំនួន១៣នាក់ទៀត យកមកធ្វើកិច្ចសន្យាអប់រំណែនាំ នៅសាលាខណ្ឌ ដោយថតជាមួយស្លាកមានខ្លឹមសារ “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” ទុកជាអនុស្សាវរីយ៍រួចហើយ ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ការឃាត់ខ្លួនអ្នកបន្ទោបង់ដាក់លើជញ្ជាំងតាមទីសាធារណៈចំនួន១៣នាក់នេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី២ កុម្ភៈ ២០២១នេះ។

ក្រោយឃាត់ខ្លួន កម្លាំងប្រជាការពារខណ្ឌដូនពេញ ក៏បានអញ្ជើញពួកគាត់មកសាលាខណ្ឌដូនពេញ ធ្វើការអប់រំណែនាំ ឲ្យពួកគាត់បាញ់ទឹកលាងសម្អាត កន្លែងដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ។

រយៈពេល២សប្តាហ៍ កន្លងមកនេះ លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួនជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណនានា បានជាច្រើននាក់ យកមកធ្វើការអប់រំណែនាំ ឲ្យពួកគាត់បាញ់ទឹកលាងសម្អាត កន្លែងដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ៕