ខេត្តកំពង់ចាម ៖ ភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំ នៅក្នុងពិធីមង្គលការមួយ បានបង្កហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឱ្យបែកក្បាលហូរឈាមទាំងសង្ខាង កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមទាំងកូនកំលោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ។

អធិការនគរបាលស្រុកបានប្រាប់បន្តថា ក្រុមភ្ញៀវខាងកូនកំលោះ៤នាក់ ៖ ១.ឈ្មោះ យឿន ចាន់ថុល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ, ២.ឈ្មោះឃឿង ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកសិករ, ៣.ឈ្មោះរឿង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបកសិករ និង៤.ឈ្មោះវ័រ សុភាក់ ភេទប្រុស អាយុ២០ឆ្នាំ (កូនកំលោះ) មុខរបកសិករ ។ អ្នកទាំង៤នាក់នេះរស់នៅភូមិអូវាយ ឃុំស្ពឺ ស្រុកចំការលើ។

ចំណែកក្រុមភ្ញៀវខាងកូនក្រមុំ ចំនួន៣នាក់ គឺ១.ឈ្មោះគង់ ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ, ២.ឈ្មោះផល ផាន់ណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ និង៣.ឈ្មោះខន ខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកសិករទាំង៣នាក់ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ។

មុនពេលកើតហេតុ ក្រុមភ្ញៀវខាងកូនកំលោះ និងក្រុមភ្ញៀវខាងកូនក្រមុំ ផឹកស៊ីស្រវឹង រួចរាំឌឺដងកាច់កុងដាក់គ្នាបង្កជាជម្លោះយកកែវស្រា និងកៅអីជ័រគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យក្រុមភ្ញៀវខាងកូនក្រមុំរងរបួសបែកក្បាល៤នាក់ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានធ្វើការនាំខ្លួនភ្ញៀវខាងកូនកំលោះ៣នាក់ រួមទាំងកូនកំលោះម្នាក់ទៀតផងដែរ នាំយកមកសាកសួរនាំ ហើយបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាមកលើភាគីភ្ញៀវកូនក្រមុំ ពិតមែន។

តាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចរនគរបាលស្រុកព្រៃឈរ បានឃាត់ខ្លួនជនសង្ស័យទាំង៤ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះហើយ៕