រាជធានីភ្នំពេញ ៖ នារីខ្មែរម្នាក់ ត្រូវបុរសជនជាតិបានប្រើអំពើហិង្សាវាយទាត់ធាក់ បណ្តាលឲ្យរងរបួសយ៉ាងដំណំ មានស្លាកស្នាមជាំពេញរាងកាយ បើទោះបីជានារីរងគ្រោះដាក់ពាក្យបណ្តឹងឡើងសាលាដំបូងរាជធានីភ្នំពេញ ទាមទាររកយុត្តិធម៌យ៉ាងណាក្តី ក៏ជនដៃដល់មិនព្រមចូលខ្លួនទៅដោះស្រាយ ពោលគឺបន្តរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ។

នារីរងគ្រោះដែលត្រូវជនជាតិចិនទំនើងវាយដំ បណ្តាលឲ្យរងរបួសជាំពេញប្រាណនេះ មានឈ្មោះចំរើន បញ្ញា អាយុ២៨ឆ្នាំ មានលំនៅបច្ចុប្បន្ន ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ ចំណែក ជនដៃដល់មានឈ្មោះPan Decheng កើតឆ្នាំ១៩៨២ ជាជនជាតិចិន។ នារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នាងនិងមិត្តភក្តិបាននាំគ្នាទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង ដែលនៅក្រោយវត្តលង្ការ ហើយគាប់ជួននាងបានជួបជាមួយមិត្តភក្តិចាស់ម្នាក់ ដែលជាស្រីស្នេហ៍របស់ជនបង្ក (ឈ្មោះPan Decheng )។ ពេលនោះ នាងបាននិយាយសួរសុខទុក្ខមិត្តភក្តិចាស់តាមសុជីវធម៌ ជនដៃដល់បន្ទាប់ពីឃើញនាង (នារីរងគ្រោះ)ហើយ គេក៏ដើរចេញទៅខាងក្រៅវិញ ជាមួយនឹងស្រីស្នេហ៍ ។

លុះប្រហែលជាកន្លះម៉ោងក្រោយ មិនដឹងជាមូលហេតុអ្វីជនដៃដល់បានដើរចូលមកខាងក្នុងវិញ រួចក៏បានចង្អុលនាង រួចសួរថា ( អ្នកឯងនិយាយអ្វីជាមួយសង្សាររបស់ខ្ញុំ) ទើបនាងបានហៅជនដៃដល់ និងស្រីស្នេហ៍មកឈរនៅខាងក្រៅទ្វារ ដើម្បីពន្យល់ប្រាប់ តែនាងមិនទាន់បាននិយាយបកស្រាយប្រាប់ផង ស្រាប់តែជនបង្កមិនដឹងជាកើតឡប់ខួរអី បានប្រើពាក្យសម្តីមើលងាយជេរប្រមាថមកលើរូបនាងនូវពាក្យអសុរោះជាច្រើន ហើយថែមទាំងផ្ទុះកំហឹងប្រើអំពើហិង្សាវាយទាត់ធាក់មកលើរូបនាងជានារីភេទទន់ខ្សោយ បណ្តាលឲ្យរងរបួសជាំពេញរាងកាយ ត្រូវទៅសម្រាកនៅមន្ទីរពេទ្យអស់រយៈពេលច្រើនថ្ងៃ។

នារីរងគ្រោះ បន្តថា ក្រោយកើតហេតុ នាងបានទៅដាក់ពាក្យបណ្តឹងនៅអាជ្ញាធរមូលដ្ឋាននគរបាលខណ្ឌបឹងកេងកង១ និងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទាររកយុត្តិធម៌ និងប្រាក់ជំងឺចិត្ត ក៏ដូចប្រាក់ថ្លៃព្យាបាលរបួសជាដើម ប៉ុន្តែជនបង្កមិនព្រមចូលខ្លួនមកដោះស្រាយតាមការអញ្ជើញរបស់សមត្ថកិច្ចសោះ ដោយមិនដឹងជាទៅសំងំលាក់ខ្លួនពួនអាត្មានៅទីណា ដើម្បីគេចពីសំណាញ់ច្បាប់ តែបែរជាទៅបង្ហោះរូបថតនាងនៅលើបណ្តាញសង្គម ហើយប្រឌិតរឿងចោទប្រកាន់រូបនាងថា នាងបានបោកប្រាស់យកប្រាក់របស់ជនបង្កអស់រាប់ម៉ឺនដុល្លារ ធ្វើឲ្យប៉ះពាល់កិត្តិយសនាងយ៉ាងធ្ងន់ធ្ងរ។

ជាចុងក្រោយ នារីរងគ្រោះបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ឲ្យនាងផង ដោយមិនគួរបណ្តោយឲ្យជនដៃដល់ ជាជនជាតិបរទេស ដែលបានប្រើអំពើហិង្សាលើនារីខ្មែរទន់ខ្សោយតាមទំនើងចិត្ត ហើយរស់នៅក្រៅសំណាញ់ច្បាប់បែបនេះឡើយ ។ ជុំវិញនឹងការចោទប្រកាន់នេះ «KBN» មិនអាចសុំការបកស្រាយពីបុរសចិនឈ្មោះPan Decheng បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
សូមទស្សនាវីដេអូ ដែលជនបង្កប្រើអំពើលើនារីរងគ្រោះដូចខាងក្រោម៖