រាជធានីភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាងៗ បង្ក ការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរស្តុប មហាវិថីឈ្នះ-ឈ្នះ កែងមហាវិថីភ្នំពេញ ហាណូយ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

រថយន្តបែនដឹកដី ដែលបើកព្រហើននេះ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1273 បើកបរដោយបុរសមមិនស្គាល់ឈ្មោះម្នាក់ ។

សាក្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបែនដឹកដីខាងលើ បានបើកបរតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ បោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបញ្ហាហ្វ្រាំង ជាន់មិនស៊ី ជ្រុលហួសភ្លើងស្តុប ហើយអ្នកបើកបរព្យាយាមបួងចង្កូតគេចរថយន្ត១គ្រឿងទៀត ក៏ឡើងខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ធ្លាក់ដីលើផ្លូវ តែយ៉ាងណាមិនមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ តែដោយសារករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋ និងទ្រព្យសម្បតិ្តឯកជន ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់បានហៅរថយន្តមកស្ទូច ដើម្បីយកទៅឱ្យជាងធ្វើការជួសជុល ៕