រាជធានីភ្នំពេញ៖ រហូតមកដល់ពេលនេះ កម្ពុជាបានបង្កើនការនាំ​ចេញ​ស្វាយកែវរមៀត ទាំងស្រស់ និងក្រៀម ទៅកាន់ទីផ្សារអន្ដរជាតិ រួមមាន ប្រទេសមហាអំណាចសេដ្ចកិច្ចលេខ២របស់​​ពិភពលោក (ចិន) និង​កូរ៉េខាងត្បូង​ ជាដើម។

អគ្គនាយកដ្ឋានកសិកម្ម បានចេញរបាយការណ៍ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​ ថា  រហូតមកដល់ពេលនេះ នៅក្នុង​​ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះស្វាយ សរុប ១២៤ ៣១៩ហិកតា, ផ្ទៃដីប្រមូលផល មានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោនក្នុង១ហិកតា និងក្នុង១រដូវ​។ បើគិតពីទិន្នផលសរុប មានបរិមាណ​​ ១ ៤៤៨ ៦៧៧តោន។

របាយការណ៍ដដែល បានបន្ដថា ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និង​ការនាំចេញ ក៏ដូចជា ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ នៅក្នុងបរិបទ នៃការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានខិតខំពុះពារ  និង​ចរចាយ៉ាងស្វិតស្វាញ បញ្ចុះបញ្ចូល និងដោះស្រា​យរាល់បញ្ហា ​ជារបាំងបច្ចេកទេស នៅក្នុងដំណើរការនាំចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។ ​ ជាលទ្ធផល ក្នុងរយ:ពេល​៤ឆ្នាំមកនេះ កម្ពុជាបាននាំចេញ​ផលិតផលផ្លែស្វាយកែវរមៀតស្រស់​ទៅកាន់ប្រទេសកូរ៉េ ជាលើកដំបូង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី០១ ខែកុម្ភ:) ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០) កម្ពុជាបាននាំចេញផ្លែស្វាយស្រស់មានគុណភាពល្អ ចំនួន៧៧តោនទៅដាក់លក់នៅលើទីផ្សារកូរ៉េ។

ដោយឡែក សម្រាប់​ដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការបង្កើនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ ចំនួន ១ ០០០ តោនទៅកាន់ទីផ្សាររបស់កូរ៉េខាងត្បូង។

បើយោងលើខ្លឹមសារ ដែលមានចែង នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េ ស្តីពី «លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់» គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេស នៅក្នុងចម្ការស្វាយជារៀងរាល់ឆ្នាំ មុនរដូវប្រមូលផល។

ជាមួយគ្នានេះ នាយកដ្ឋានការពារដំណាំអនាម័យ  និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញ​ចុះទៅវាយតម្លៃអំពីលក្ខខណ្ឌបច្ចេកទេស ពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗ ដែលបានដាក់ពាក្យស្នើសុំ។ បើតាមលទ្ធផលទទួលបានអំពី​ការចុះវាយតម្លៃនោះ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើ​បាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យ នៃប្រទេសកូរ៉េ ដើម្បីពិនិត្យ និងសម្រេច។

បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ចាត់មន្រ្តីជំនាញចុះទៅ​ត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយ ដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េខាងត្បូង។

ជាលទ្ធផល ឆ្លើយតបតាមលក្ខខណ្ឌ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន​១តោន ហើយសង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើង ជាបន្តបន្ទាប់ នៅរដូវប្រមូលផលស្វាយ​៕