ភ្នំពេញ ៖ តាមដីកាតុលាការ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធវីឡាមួយកន្លែងរបស់លោកស្រីឧកញ៉ាអ៊ាន សៀវម៉ី ជាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ ប៉ុន្តែរកម្ចាស់វីឡាមិនឃើញ សង្ស័យថា លោកស្រីឧញ៉ារូបនោះបានគេចខ្លួនបាត់ហើយ ។
ហេតុការណ៍ឡោមព័ទ្ធវីឡានេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅស្ថិតនៅក្នុងបុរីមូនថោន (MOON TOWN) ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។


បើយោងតាមមន្ត្រីនគរបាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដែលជាម្ចាស់វីឡាខាងលើ មានរឿងបរិហារកេរ្តិ៍ ទៅលើលោកជំទាវមានឥទ្ធិពលចំនួន២រូប ហើយត្រូវបានលោកជំទាវទាំង២រូបនោះ ដាក់ពាក្យប្ដឹងទៅកាន់នគរបាលក្រសួងមហាផ្ទៃ ហើយសំណុំរឿងនេះបានធ្លាក់ដល់ដៃតុលាការ ទើបមានដីកាកោះអញ្ជើញលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី រូបនេះ ឲ្យចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញជាច្រើនលើក ប៉ុន្តែសាម៉ីខ្លួនមិនព្រមចូល ទើបពេលនេះ ឈានដល់មានដីកានាំខ្លួនតែម្តង ។


ប្រភពដដែល បានបន្តថា កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅតាមឃ្លាំមើលលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី តាំងតែវេលាម៉ោង១០ព្រឹកមកម្ល៉េះ ដោយមានទាំងមេធាវី ដើមបណ្ដឹង ក៏ចុះទៅដែរ ក្នុងបំណងឃាត់ខ្លួនឧកញ៉ារូបនេះ ។ ប៉ុន្តែការឃ្លាំមើលរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ទើបកម្លាំងសម្រេចធ្វើការឡោមព័ទ្ធវីឡានោះតែម្ដង ។ ខណៈនោះបានប្រទះឃើញរថយន្តឡិចស៊ីស ពណ៌ស ១គ្រឿងបានបើកចេញពីវីឡានេះ កម្លាំងសមត្ថកិច្ចបានឃាត់ដែរ ប៉ុន្តែមិនឃើញលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជិះក្នុងរថយន្តនេះឡើយ បន្ទាប់មកកម្លាំងបានដោះលែងរថយន្តនោះទៅវិញ ។


គួររម្លឹកថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ឱ្យចូលមកបំភ្លឺ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីបរិហារកេរ្ដិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅ នៅរាជធានីភ្នំពេញ ។ ប៉ុន្តែបែរជាឃើញលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានចូលមកបំភ្លឺ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ទៅវិញ មិនដឹងជាមូលហេតុអ្វី បានជាលោកស្រីឧកញ៉ា មកបំភ្លឺ មុនកាលកំណត់ដូច្នេះ? ហើយក្រោយចូលមកបំភ្លឺ រយៈពេលជិត២ម៉ោង លោកស្រី អ៊ាន សៀវម៉ី ក៏បានចេញពីតុលាការវិញ ដោយមិនបានបកស្រាយអ្វីជាមួយក្រុមអ្នកសារព័ត៌មាននោះទេ រួចឡើងរថយន្តម៉ាក Prus ជិះចេញទៅបាត់ ៕