ភ្នំពេញ៖ ស្តី្រម្នាក់បានរត់ចោលប្តី និងកូនរបស់ខ្លួន ទីបាត់អស់រយ:ពេល៣ខែ ស្រាប់តែវិលត្រឡប់មកយកកូនវិញ តែបុរសជាប្តីមិនឱ្យ ក៏ដណ្តើមគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ នៅត្រង់ចំណុចរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសជាប្តីឈ្មោះ មីន មៃហ៊ាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សម្ផស្ស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ បច្ចុប្បន្នរស់នៅគេចពីប្តី ស្នាក់នៅម្តុំផ្សារបឹងកេងកង ខណ្ឌបឹងកងកង ។

បុរសជាប្តីបានឱ្យដឹងថា គាត់បានយកគ្នាជាប្តីប្រពន្ធរយ:ពេល១២ឆ្នាំ មកហើយ និងមានកូនប្រុសស្រី៣នាក់ ដោយកាលណោះប្តីប្រពន្ធនិងកូនៗគាត់ រស់នៅប្រទេសម៉ាឡេស៊ី ។ ក្រោយមក នៅចុងឆ្នាំ២០១៩ គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ហើយគាត់បានទៅធ្វើការជាកម្មករសំណង់បាត់ៗពីផ្ទះ ។ ក្រោយមក ប្រហែល៣ខែមុននេះ នៅសុខៗ ស្រាប់តែបាត់ប្រពន្ធ មិនដឹងទៅណា? គាត់ក៏បានស្វះស្វែងរកដោយខ្លួនឯង និងប្រកាសតាមប៉ុស្តិ៍វិទ្យុ រកទៀត ក៏នៅតែមិនឃើញ។

លុះដល់ព្រឹកកើតហេតុ ខណ:គាត់បានទៅធ្វើការសំណង់ដូចរាល់ថ្ងៃ ស្រាប់តែប្រពន្ធរបស់គាត់ បានទៅលួចកូនស្រីម្នាក់ អាយុ២ឆ្នាំ ដាក់កង់បីចេញពីផ្ទះនៅភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ទៅភ្នំពេញបាត់ ។ ភ្លាមៗនោះម្តាយរបស់គាត់បានរត់ទៅប្រាប់គាត់ដល់កន្លែងធ្វើសំណង់តែម្តង គាត់ក៏ទៅខ្ចីម៉ូតូរបស់មិត្តភក្តិ ជិះតាមកង់បីពីស្រុកមុខកំពូល រហូតដល់គល់ស្ពានជ្រោយចង្វា ត្រើយខាងលិច ក៏ប្រទះឃើញប្រពន្ធ និងកូនកំពុងជិះនៅលើកង់បី ក៏ហៅឱ្យឈប់ រួចស្ទុះទៅប្រតាយប្រតប់ ដណ្តើមកូនស្រីទៅវិញទៅមក ប្រទាញប្រទង់គ្នា ។ តែទីបំផុតស្រីជាប្រពន្ធ យកកូនឡើងកង់បី ជិះគេចខ្លួនបាត់ស្រមោល គាត់អស់សង្ឃឹម ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះនៅឯស្រុកមុខកំពូល វិញ៕