ប្រទេសថៃ៖ ឡាវដែលមានមហិច្ឆតាជាធុងអាគុយអាស៊ានពេលនេះកំពុងតែទទួលរងនូវការតវ៉ាពីសំណាក់ពីប្រទេសទិញអគ្គិសនីរបស់ខ្លួនមួយហើយគឺ ថៃ។
បើតាមបាងកកប៉ុស្ដិ៍ នៅថ្ងៃទី២៨ ធ្នូនេះរាយការណ៍ថា រដ្ឋាភិបាលថៃបានផ្ញើសារទៅទីក្រុង វៀងចន្ទន៍ ជាថ្មីម្ដងទៀតដោយបញ្ជាក់ថា ប្រទេសថៃប្រហែលជាមិនទិញអគ្គិសនីដែលបង្កើតដោយទំនប់វារីអគ្គិសនីកម្លាំង៦៨៤មេហ្គាវ៉ាត់នេះទេ ប្រសិនបើបញ្ហាទាក់ទិននឹងបរិស្ថានមិនត្រូវបានដោះស្រាយ។
រដ្ឋាភិបាលលោកប្រាយុទ្ធគូសបញ្ជាក់ថាខ្លួនទំនងជាមិនអាចទិញអគ្គិសនីពីគម្រោងដែលអាចធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីទន្លេនិងបង្កឲ្យមានផលប៉ះពាល់ឆ្លងដែនខ្លាំងក្លាពោលគឺផលប៉ះពាល់របស់វាលើការបាក់ដី។
អគ្គលេខាធិការការិយាល័យធនធានទឹកជាតិថៃ លោក Somkiat Prajamwong បានថ្លែងប្រាប់សារព័ត៌មានខាងលើថា យោងតាមកិច្ចព្រមព្រៀងទន្លេមេគង្គ ប្រទេសណាមួយនៅក្នុងអនុតំបន់ទន្លេមេគង្គអាចស្នើសុំឲ្យគណៈកម្មការទន្លេមេគង្គបញ្ឈប់គម្រោងនានាដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់តំបន់នេះ។
យោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គមាត្រាទី៧បានចែងថា៖រដ្ឋមួយត្រូវតែបញ្ឈប់ជាបន្ទាន់នូវបុព្វហេតុនៃការបង្កគ្រោះថ្នាក់រហូតទាល់តែបុព្វហេតុនៃគ្រោះថ្នាក់នោះត្រូវបានកំណត់។
ទំនប់ សាណាខាម មានទីតាំងស្ថិតនៅចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ ទំនប់វារីអគ្គិសនីនេះទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនចិន និង ត្រូវបានរំពឹងថានឹងលក់អគ្គិសនីភាគច្រើនទៅឲ្យប្រទេសថៃនិងប្រទេសដទៃទៀតដែលនៅជិតខាងឡាវ។ក្រុមហ៊ុនយក្សចិនដែលមានឈ្មោះ China Datang Corporationទទួលបន្ទុកការសាងសង់វារីអគ្គិសនីនេះដោយទូទាត់ថាអាចចំណាយ ២ ០០០លានដុល្លារ។
គណៈកម្មការទន្លេមេគង្គ សាណាខាមអះអាងថាវារីអគ្គិសនីដ៏ធំនេះនឹងអាចផលិតថាមពលអគ្គិសនីបាន ៦៨៤មេហ្គាវ៉ាត់នៅពេលដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២៨។ត្បិតថាឡាវជាប្រទេសតូចក្រីក្រមួយ ក៏ដោយក្ដីតែប្រទេសជាច្រើននៃដងទន្លេមេគង្គពឹងថាមពលវារីអគ្គិសនីពីឡាវ ហើយឡាវជាប្រទេសរកចំណូលពីការលក់ថាមពលអគ្គិសនីនេះរហូតគេបានដឹងថា មហិច្ឆតាក្រុងវៀងច័ន្ទ គឺចង់ក្លាយជាធុងអាគុយនៅអាស៊ីអាគ្នេយ៍ឆ្ពោះឱ្យបានសម្រេចនូវការផលិតថាមពលអគ្គិសនីប្រមាណជា ២០ ០០០មេហ្គាវ៉ាត់ទៅកាន់ប្រទេសជិតខាងពីពេលនេះទៅឆ្នាំ ២០៣០។
គណៈកម្មាការទន្លេមេគង្គបានបញ្ជាក់ថា ក្នុងចំណោមទំនប់វារីអគ្គិសនីទាំង ៩ សាណាខាមជាទំនប់វារីអគ្គិសនីទី៦ ដែលមាននៅលើទន្លេមេគង្គនៃប្រទេសដែលគ្មានសមុទ្រនេះ។ឡាវជាប្រទេសនៅជាប់ទន្លេមេគង្គដែលមានទំនប់វារីអគ្គិសនីដល់ទៅ១៦ ៕