ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ អោយបាន ៥ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។ ការពិនិត្យអេកូសាស្ត្រឲ្យបាន ៥ដងនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

១. លើកទី១ (នៅពេលបាត់រដូវ)
-តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
-ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?

២. លើកទី២ (១២សប្តាហ៍ – ១៥សប្តាហ៍)
-តើកូនតែមួយ ឬភ្លោះ? (ភ្លោះអាច ២ ឬ ៣ ឬ ៤)
-ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
-វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21 – 11 weeks for better evaluation
-ភាពមិនប្រក្រតីរបស់ទារក (malformation):
• សន្ទះទ្រូងចំហ (hernie diaphragmatique)
• ពោះវៀនចេញក្រៅ (laparoschisis)
• ទារកអត់លលាដ៏ក្បាល (anencéphalie)
-តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក grossesse môlaire) ឬកូនធម្មតា
-កំណត់ភេទកូន ស្រី ឬ ប្រុស

៣. លើកទី៣ (២៣សប្តាហ៍ – ២៥សប្តាហ៍)
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:
-ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)
-មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)
-បេះដូង (បេះដូងប្រហោង។ល។)
-សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)
-ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)
-អវយវៈ (លើស ឬខ្វះ)

៤. លើកទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)
-ការលូតលាស់ និងសុខភាពទារក
-ទម្រង់ និងទម្ងន់កូន
-ទីតាំងរបស់សុក
-បរិមាណទឹកភ្លោះ
-បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក

៥. លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)
-តាមដានសុខភាពកូន (កូនខ្សោយ។ល។)
-តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)
“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត្រ