ភ្នំពេញ៖ ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​១​បន្ថែមទៀត ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។ ពិធី​ក្រុង​ពាលី​នៃ​ការបើក​ការដ្ឋាន​សាងសង់​ស្តូប​មិត្តភាព​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VOV (Voice of Vietnam) ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​នេះ គឺជា​ស្តូប​ទី​២២​ហើយ ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៤​ហិកតា​។

អ្នកចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ មានដូចជា លោក​វរសេនីយ៍ឯក ង្វៀន ថា​ញ​ជិ​ញ ប្រធាន​អនុព័ន្ធយោធា​ក្រសួងការពារជាតិ​វៀតណាម​ប្រចាំ​កម្ពុជា លោក ញ៉ែម វ៉ា​លី អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិរ​ណ​ស្សិ​សាមគ្គី​អភិ​វ​ឌ្ឈ​ន៍​មាតុភូមិ​កម្ពុជា រួមទាំង​អាជ្ញាធរខេត្ត បណ្តា​ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត​។

VOV សរសេរថា​៖«​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម បង្ហាញ​ពី​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​២ ហើយនឹង​ជួយ​ឲ្យ​យុវជន​ជំនាន់​ក្រោយ យល់​កាន់តែច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព​និង​សេរីភាព ព្រមទាំង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដែលមាន​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ទាំង​២»​។
​អត្ថបទ​នៃ​សារព័ត៌មាន VOV ជា​ភាសា​វៀតណាម ដែល​ត្រូវ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បកប្រែ​ជា​ភាសា​ខ្មែរ ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ឲ្យ​ដឹងថា ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ចំនួន​១៧ តាម​បណ្តា​ខេត្ត​នានា ត្រូវបាន​សាងសង់​និង​សម្ពោធ​រួចរាល់​ហើយ ខណៈ​៤​ទៀត នៅ​ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ដែរ​។ VOV បញ្ជាក់ថា តាម​ការគ្រោងទុក ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ទាំង​៤​នេះ នឹងត្រូវ​រៀបចំ​សម្ពោធ​នៅ​ចុងឆ្នាំ​២០២០​នេះ​។
​ជា​ទូ​តទៅ គេ ចាត់ទុក​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ថា​ជា​កន្លែង​ដែល​រម្លឹក​ដល់​ពលកម្ម​របស់​កងទ័ព​កម្ពុជា​និង​កងទ័ព​វៀតណាម ក្នុងការ​រួមគ្នា​រំដោះ​កម្ពុជា ពី​របប​ខ្មែរក្រហម​៕