ភ្នំពេញ៖​ កាលពីពេលថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងពីអគារក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបនឹងសាងសង់ហើយថ្មីៗ ដែលការបង្ហាញនេះបានធ្វើឲ្យពលរដ្ឋមួយចំនួនបង្ហាញការមិនពេញចិត្ត នាំគ្នាធ្វើការរិះគន់យ៉ាងពេញទំហឹងចំពោះរចនាបថអគារ១នេះ ដែលមើលទៅអគារនោះគ្មានការតុបតែង រចនាបថ សូម្បីបន្តិច ដោយប្រទេសកម្ពុជា យើងគឺជាប្រទេសដែលមានរចនាបថ ចម្លាក់ ក្បូរក្បាច់ រចនាល្អលើសគេ ហើយអ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ ពលរដ្ឋរបស់យើងក៏បានលើកឧទាហរណ៌អគារមួយនេះ ទៅរចនាបថអគាររបស់ថៃ ផ្សេងទៀត ដែលអគាររបស់ថៃ នីមួយៗសុទ្ធសឹងតែរចនាឡើងដោយក្បូរក្បាច់ផ្ចឹតផ្ចង់ជាទីបំផុត ធ្វើឲ្យមានខមមិនមួយបានលើកឡើងថា៖«មិនមែនតិទៀនទេ តែជាការពិត ជំនាញអីចំណេះហ្នឹង គម្រោងសំណង់និមួយៗ ត្រូវការអ្នកជំនាញនោះមកជួយ ព្រោះវាអាចលើកតំលៃកិត្យានុភាពនៃស្ថាបត្យកម្មខ្មែរបាន ។ បើគូស និងសាងសង់របៀបនេះដូចបំផ្លាញលុយរដ្ឋទៅវិញទេ ហើយវាក៏មិនបានជួយលើកដល់តំលៃស្ថាបត្យកម្មជាតិទេ នៅចាញ់ទីតាំងអាគារសាធារណការចាស់ឆ្ងាយណាស់»។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ផ្លូវឯកឧត្តមជា សុផារ៉ា) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា៖ ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនបង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យគណៈកម្មការទទួលបន្ទុកការងារសាងសង់ ធ្វើការកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជាផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការប្រកបដោយផាសុកភាព ហើយអគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕