ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីយកកូនសោរទៅសរសេរឈ្មោះលើជញ្ជាំងប្រាសាទអង្គរ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទម្រង់ដើម។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា៖«កាលពីថ្ងៃសៅរ៍​ ​៦កេីត ខែមិគសិរ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវនិងថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០នាទីព្រឹក​ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រសាទបន្តទៀត៕