ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះធ្វើការឃាត់ខ្លួនស្រ្ដី៣រូប ពាក់ព័ន្ធ​នឹងករណី​ជួញដូរ​សត្វ​ត្រចៀកកាំ​ខុសច្បាប់​ចំនួន ២៥០ ​ក្បាល​​។

ស្ត្រី​សង្ស័យ​ទាំង​៣ នាក់​នោះ រួមមាន ឈ្មោះ​ រៀម ស៊ីណាត អាយុ ៣៣ ​ឆ្នាំ ​រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ដូនកែវ ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ផ្សារ​ដើមក្រឡាញ់ ជាមួយ​នឹង​វត្ថុតាង​សត្វ​ត្រចៀកកាំ​ ១៥ ​ក្បាល​។ រីឯ​ស្ត្រី​ឈ្មោះ​ សុខ ស្រីនាថ អាយុ​ ៣០ ​ឆ្នាំ រស់នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីតាំង​តែមួយ​ជាមួយនឹង​វត្ថុតាង​សត្វត្រចៀកកាំ​ ១២៥ ​ក្បាល​។ ​ចំណែក​​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ម៉ន សាវឿន អាយុ​ ២៩ ​ឆ្នាំ​ រស់នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ផ្សារលើ​ជាមួយ​វត្ថុតាង​សត្វ​ត្រចៀកកាំ​ ១១០ ​ក្បាល​។

តាម​រយៈចម្លើយ​របស់​ស្ត្រី ឈ្មោះ ម៉ន សាវឿន ដែល​បាន​ប្រាប់​មន្ត្រី​ជំនាញ​នៅពេល​សាកសួរ​ថា សត្វ​ត្រចៀកកាំ​ទាំងនោះ​គឺ​​គាត់​បាន​ទិញ​ពី​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែល​ពួកគេ​ខ្លះ​បាន​ប្រើ​លប់ ខ្លះ​ប្រើ​មង រាយ​ប៉ប្រះ​លើ​ផ្ទៃ​ទឹក​ដើម្បី​ចាប់​វា ព្រោះ​វា​​ចូលចិត្ត​ហើរ​ឆ្វែល​លើ​ផ្ទៃ​ទឹក​។

ជាមួយគ្នានេះដែរលោក ប៊ុនលីម បាន​បញ្ជាក់ឲ្យដឹងថា​៖ «​តាមរយៈ​ការបំភ្លឺ​របស់​ស្ត្រី​សង្ស័យ កម្លាំង​មន្ត្រី​ជំនាញ​យើង​នឹង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ករណី​រាយ​មង​ ឬ​សំណាញ់​ចាប់​សត្វ​ត្រចៀកកាំ ទៅដល់​មូលដ្ឋាន​តែម្ដង​។ ​បើ​មិន​ដូច្នោះ​ទេ សត្វ​ត្រចៀកកាំ​នឹង​ឈានទៅរក​ភាព​ផុត​ពូជ​មិន​ខាន​»​។

​ក្រោយ​ធ្វើការសាកសួរ​​ និង​អប់រំ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការជួញដូរ​សត្វព្រៃ មន្ត្រី​ជំនាញ​យើង​បានសម្រេច​ផាកពិន័យ​អន្តរកាល​ទៅតាម​នីតិវិធី​ច្បាប់ ចំណែក​វត្ថុតាង​សត្វ​ត្រចៀកកាំ​ [​បោចរោម​រួច​] ​សរុប​ ២៥០ ​ក្បាល​ត្រូវបាន​នាំយក​ទៅ​ដុត​បំផ្លាញចោល​»​។

ជុំវិញ​ការឃាត់ខ្លួន​នេះ ក្រុម​អ្នកធ្វើ​អាជីវកម្ម​ផ្ទះ​សត្វ​ត្រចៀកកាំ​បាន​សាទរ និង​បាន​អំពាវនាវ​​សុំឱ្យ​ពលរដ្ឋ​បញ្ឈប់​ការចាប់​សត្វត្រចៀកកាំ​យកមក​លក់ដូរ​ ឬ​យក​​មក​បំពង​លក់ ព្រោះ​សត្វ​ប្រភេទ​​នេះ​មានតម្លៃ​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម​ផង និង​ពាណិជ្ជកម្ម​ផង​ ៕