ខេត្តសៀមរាប៖ សត្វ​ត្រចៀកកាំ គឺជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​មាន​កម្លាំង​ខ្លាំងក្លា ហើយ​មនុស្ស​ទូទៅ​ពុំ​សូវ​បាន​ចាប់អារម្មណ៍​ពី​ថាមពល​របស់​សត្វ​ស្លាប​ប្រភេទ​មួយ​នេះនោះ​ទេ​។ ហើយអ្វីដែលកាន់តែពិសេសនោះបច្ចុប្បន្ននេះទឹកមាត់សត្វត្រចៀក ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងសកម្ម ដែលវាគឺជាឱសថដ៏ពេញនិយមសាកស័ក្ដិបំផុត សម្រាប់ព្យាបាលរោគមួយចំនួន ព្រមទាំងផ្ដល់អត្ថប្រយោជន៌ជាច្រើនចំពោះសុខភាពផងដែរ និងមាន​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច និង​ជួយ​បំផ្លាញ​សត្វ​ចង្រៃ​ផ្សេងៗ​ទៀតផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះមានព័ត៌មានមួយបានលេចលឺថា សត្វត្រចៀកកាំកំពុងរងការយាយីបំផ្លិចបំផ្លាញដល់អាយុជីវិតពីសំណាក់ពលរដ្ឋរស់នៅខេត្តសៀមរាប និងខេត្ត​ពោធិ៍សាត់  ដោយ​ពួកគេ​​បាន​ប្រើ​លប់ ខ្លះ​ប្រើ​មង រាយ​ប៉ប្រះ​លើ​ផ្ទៃ​ទឹក​ដើម្បី​ចាប់​វា ព្រោះ​វា​​ចូលចិត្ត​ហើរ​ឆ្វែល​លើ​ផ្ទៃ​ទឹក​ ហើយយកទៅដាក់នៅលើទីផ្សារយ៉ាងអនាធិបតេយ្យ ដែលទង្វើរបស់ពលរដ្ឋមួយចំនួននេះបានធ្វើឲ្យជីវិតរបស់សត្វត្រចៀកកាំ​នឹង​ឈានទៅរក​ភាព​ផុត​ពូជ​មិន​ខាន​។

បើតាម​លោក​ ឃី សុខសាន្ត អ្នកប្រកប​អាជីវកម្ម​ផ្ទះ​សត្វ​ត្រចៀកកាំ​ម្នាក់​នៅ​ខេត្តសៀមរាប បាន​ប្រាប់សារព័ត៌មានយើងឲ្យដឹងថា សត្វ​ត្រចៀកកាំ​១ ក្បាល​អាច​​រកចំណូល​បាន​១០ ដុល្លារ​ ក្នុង​១ ឆ្នាំ ហើយ​សត្វ​នេះ​មាន​អាយុ​រហូតដល់​១៥ ឆ្នាំ តែបើ​ចាប់​វា​បោច​លក់១ក្បាល​ ថ្លៃ​ត្រឹមតែ​២ ០០០ រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​មាន​ការខាតបង់​ខ្លាំងណាស់ ហើយ​នេះ​មិនទាន់​គិតពី​ផល​​ដែល​វា​ត្រូវ​បន្ត​ពូជ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​នៃ​ការរស់នៅ​ផង​។

លោក​បានបន្តទៀតថា​៖ «​សូម​បញ្ឈប់​ការចាប់​សម្លាប់សត្វ​ត្រចៀកកាំ​ធ្វើជា​ម្ហូបអាហារ ហើយ​ត្រូវ​តែ​រួមគ្នា​ការពារ និង​អភិរក្ស​សត្វ​ត្រចៀកកាំ​ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែមទៀត​»​។

នៅពេល​ខាងមុខ​នេះ កម្ពុជា​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​សត្វ​ត្រចៀកកាំ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ចិន​ហើយ​ពេលនោះ​នឹងត្រូវ​ការកម្លាំង​ពលកម្ម​ច្រើន​ដើម្បី​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នោះ​។ ​ដូច្នេះ​បើ​គ្មាន​សត្វ​ត្រចៀកកាំ នោះ​វិស័យ​មួយ​នេះ​នឹងត្រូវ​រាំងស្ទះ​ ឬ​ខាតបង់​ទាំងស្រុង ​៕