ភ្នំពេញ៖ ក្នុង​សន្និសីទ​មួយ​កាលពីថ្ងៃសុក្រ ទី២៣ ខែតុលា លោក Bilahari Kausikan អតីតមន្ត្រីការបរទេសសិង្ហបុរី បាន​លើក​ឡើង​ថា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​អាស៊ាន គួរ​ណាស់​តែ​ពិចារណា​ដក​ចេញ​នូវ​រដ្ឋ​សមាជិក​ចំនួន​ពីរ គឺកម្ពុជា និងឡាវ។

លោក Bilahari Kausikan បាន​ថ្លែងឲ្យដឹងទៀតថា ​ទាំង​លាវ​ទាំង​កម្ពុជា​ សុទ្ធ​តែ​បាន​ត្រាប់​តាម​ម្ដង​ទៀត​នូវ​«កំហុស​នយោបាយ»​ដែល​មាន​មេរៀន​រួច​មក​ហើយ​កាល​ពី​អំឡុង​សង្គ្រាម​វៀតណាម «កំហុស​នោះ​គឺ​ថា​[កម្ពុជា​និង​ឡាវ] សុខ​ចិត្ត​បណ្ដែត​បណ្ដោយ​អំណាច​អន្តរាគមន៍​ដែល​ខ្លួន​មាន​ទៅ​ឱ្យ​មហា​អំណាច​ខាង​ក្រៅ​«មួយ» ​ឬ​ពួកគេ​ប្រកាន់​អព្យាក្រឹត​ភាព​តាម​បែប​អកម្ម»។ លោក​ពន្យល់​ថា​ប្រទេស​ទាំង​ពីរ​សម្ងំ​យក​រួច​ខ្លួន​លើ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​តំបន់។

អតីត​អ្នក​ការ​ទូត​របស់​រដ្ឋ​ដ៏​តូច​ជាង​គេ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ​ បាន​បន្ថែម​ថា កម្ពុជា​និង​ឡាវ ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​អ្វី​ពេក​ទេ​ទៅ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង តែ​ខ្នះ​ខ្នែង​ខ្លាំង​ពី​បញ្ហា​មេគង្គ​ដ្បិត​ប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ប្រទាក់​ក្រឡា​ជាមួយកត្តា​ស្លាប់​រស់​នៃ​របប​ដឹកនាំ​នៅ​ភ្នំពេញ​និង​វៀងចន្ទន៍។

លោក​បញ្ជាក់​ថា៖«យើង​រង់​ចាំ​មើល​ត​ទៅ​ទៀត។ ​[ឡាវនិង​កម្ពុជា]​ មាន​ជម្រើស​ដ៏​លំបាក​ដែល​ត្រូវ​សម្រេច​ជ្រើស​យក​ ហើយ​បើ​ប្រទេស​ទាំង​ពីរ​ជ្រើស​ខុស ​ពួក​គេ​នឹង​ត្រូវ​តទល់​នឹង​អាស៊ាន​ទាំង​មូល​ជាមួយ​នឹង​ជម្រើស​លំបាក​ដែរ។ ​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ធូរ​ចេញ​ប្រទេស​ទាំង​ពីរ ដើម្បី​សង្គ្រោះ​ប្រទេស​ទាំង​ប្រាំ​បី​ផ្សេង​ទៀត​ដែល​នៅ​សេស​សល់» ៕