ខេត្តកំពត ៖ កាលពីម្សិលមិញ មានគណនីហ្វេសប៊ុក Yaya Koko បានបង្ហោះរូបថតក្មេងស្រីតូចគួរឲ្យស្រលាញ់ម្នាក់ ភ្ជាប់ជាមួយនឹងសំណេរថា ” នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ 5ខែ ដោយមានជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង3:50នាទី នៅថ្ងៃទី26 ខែតុលា ឆ្នាំ2020 សូមសំណូមពរឲ្យយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកឲ្យនាងខ្ញុំផង រឺបើបងប្អូនណាបានឃើញ សូមទំនាក់ទំនងមកលេខ 070477079 នាងខ្ញុំសូមអរគុណទុកជាមុន”។

ក្រោយពីម្ចាស់គណនីហ្វេសប៊ុកខាងលើ បង្ហោះថា មានជនមិនស្គាល់មុខចូលចាប់ក្មេងដល់ក្នុងផ្ទះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តពន់ពេក ខ្លាចមានជនស្គាល់លួចមកចាប់កូនចៅរបស់ខ្លួនយកទៅធ្វើបាប ក្នុងរូបភាពណាមួយ ។ ក្រោយមកព័ត៌មាននេះ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹង ព្រមទាំងធ្វើការស៊ើបអង្កេតភ្លាមៗ មិនទុកយូរឡើយ។

ជុំវិញនឹងករណីនេះ គឺថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដដែល លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបញ្ជាដល់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ជុំវិញករណីនេះភ្លាម ដោយឃើញថា ករណីនេះគឺជាករណីជម្លោះគ្រួសារ មិនមែនជាករណីជនមិនស្គាល់មុខចូលចូលមកចាប់កូន ដូចដែលគណនីហ្វេសប៊ុកខាងលើផ្សព្វផ្សាយឡើយ ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕