រាជធានីភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្ដិផ្លូវចិត្តពីរឿងអ្វី បែរជាគិតខ្លី រត់ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ប៉ុន្ដែលើកនេះសំណាងល្អ ត្រូវបានអ្នកនេសាទត្រី ជួយសង្គ្រោះទាន់ពេលវេលា គេចផុតពីគ្រោះថ្នាក់​ដល់​អាយុជីវិត កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងសង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូង គេឃើញ​បុរសម្នាក់ជិះម៉ូតូ ម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-0052 មកឈប់នៅលើស្ពានជ្រោយចង្វារ។ លុះបន្ដិច​​ក្រោយ​មក ស្រាប់តែមានការភ្ញាក់ផ្អើលថា បុរសនោះបានលោតទឹកសម្លាប់ខ្លួន។ ប៉ុន្ដែសំណាងល្អ ត្រូវក្រុមអ្នកនេសាទឃើញ ក៏ជួយសង្រ្គោះទាន់ពេលវេលា រួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលកើតហេតុភ្លាមៗនោះ គេ​មិន​ទាន់ស្គាល់​អត្ដសញ្ញាណ​របស់ជនរងគ្រោះនោះទេ។ ប៉ុន្ដែបើ​តាមអាវ​សំណង់ការដ្ឋាន នៅលើម៉ូតូនោះ មានសរសេរថា ការិ-អគ្គិភ័យ​បំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ នៃមន្ទីរ​សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងកាតដាក់នៅលើម៉ូតូខាងលើ មានឈ្មោះ នុត ចាន់ឌឿន អាយុ ៣៣ឆ្នាំ រស់នៅផ្ទះលេខ៣១ អីសូន្យហ្សិត ផ្លូវលេខ២៤៧ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាល​រដ្ឋបាលជ្រោយចង្វារ ដើម្បីណែនាំ និងអប់រំ រួចហើយស្វែងរកសាច់ញាតិ ដើម្បីមកនាំបុរសខាងលើ វិលត្រឡប់ទៅផ្ទះវិញ៕