ខេត្តកណ្តាល៖ ដោយសារឥទ្ធិពលសុរា លាយឡំជាមួយល្បែងស៉ីសង ធ្វើអោយកើតអំពើរហិង្សា ។ ជាក់ស្តែងបុរសម្នាក់ខឹងប្រពន្ធទៅលេងបៀរផ្ទះគេ រួចផឹកស្រាស្រវឹងជោគជាំផង បានទៅជេរប្រមាថ និងវាយម្ចាស់ផ្ទះ ត្រូវម្ចាស់ផ្ទះវាយតបតវិញ បណ្តាលអោយរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ផ្ទះតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទីយប់ នៅចំណុចផ្ទះជនសង្ស័យ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា ៖នៅមុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះសុខ ធឿន បានទៅអង្គុយលេងបៀរនៅផ្ទះរបស់ជនសង្ស័យ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យឃើញជនរងគ្រោះមានសភាពស្រវឹងស្រាហើយមកជេរប្រមាថ និងវាយលើប្រពន្ធឈ្មោះសុខ ធឿន ពេលនោះជនសង្ស័យបាននិយាយថា បើវាយគ្នាទៅវាយនៅផ្ទះទៅកុំវាយនៅផ្ទះខ្ញុំ ហើយជនរងគ្រោះឆ្លើយថាឯងកុំចេះដឹង ហើយបានយកកៅអីជ័រវាយទៅលើជនសង្ស័យមុន តែជនសង្ស័យគេចផុត ទើបជនសង្ស័យទាញកៅអីជ័រវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលដេរ ០៧ថ្នេរតែម្ដង។

ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕