ខេត្តក្រចេះ ៖ ជនកំហូចចំនួន៤នាក់ ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ សម្រាប់ធ្វើសកម្មភាពបាញ់សម្លាប់គោប្រជាពលរដ្ឋពន្លះយកមកសាច់លក់ ដោយកុហកថា ជាសាច់ទន្សោង។

ជនសង្ស័យទី១- ឈ្មោះផេង ភ្លា អាយុ៤៣ឆ្នាំ (ជាម្ចាស់អាវុធធុនអាការ47 មួយដើម មានគ្រាប់ចំនួន១២គ្រាប់)។ ទី២-ឈ្មោះនួន សំណាង ទី៣-ឈ្មោះស្រើញ ហាង ទី៤-ឈ្មោះសុខខេង អូ ។ ពួកគេទាំង៤នាក់ មានទីលំនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកសំបូរ ជាមួយគ្នា។

សមត្ថកិច្ច បញ្ជាក់ថា កន្លងមកក្រុមជនទាំងនេះ តែងតែដើរធ្វើសកម្មភាពលួចបាញ់សម្លាប់សត្វគោរបស់អ្នកស្រុក ហើយពន្លះយកសាច់មកលក់ដោយបន្លំថា ជាសាច់សត្វព្រៃ។ លុះនៅថ្ងៃទី២៣ ខែតុលា កម្លាំងនគរបាលល្បាតរបស់ប៉ុស្តិ៍រដ្ឋបាល បានប្រទះឃើញក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពលួចបាញ់សត្វសម្លាប់គោរបស់អ្នកភូមិពន្លះសាច់ច្រក់បាវយកមកលក់ដោយន្លំថា ជាសាច់សត្វទន្សោង ហើយក៏ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកសាកសួរតែម្តង។​ ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំបូរ កសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕