ខេត្តកណ្តាល៖ បុរសម្នាក់ខឹងប្រពន្ធទៅលេងបៀរផ្ទះគេ ក៏កើតក្ដីក្ដៅក្រហាយ រួចផឹកស្រាឱ្យស្រវឹងទៅជេរប្រមាថប្រពន្ធ និងរករឿងវាយម្ចាស់ផ្ទះ តែត្រូវម្ចាស់ផ្ទះវាយសងវិញ បណ្តាលឱ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ។

ជនរងគ្រោះឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិឃុំខាងលើ។ជនសង្ស័យជាម្ចាស់ផ្ទះ ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិជាមួយគ្នា ។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះសុខ ធឿន បានទៅអង្គុយលេងបៀរនៅផ្ទះរបស់ជនសង្ស័យ។ ជនរងគ្រោះខឹងប្រពន្ធទៅលេងបៀរផ្ទះគេ ក៏កើតក្ដីក្ដៅក្រហាយ រួចផឹកស្រាឱ្យស្រវឹង ដើរទៅជេរប្រមាថ និងវាយលើប្រពន្ធរបស់ខ្លួនឈ្មោះសុខ ធឿន នោះតែជនសង្ស័យជាម្ចាស់ផ្ទះ បាននិយាយថា បើវាយគ្នាទៅវាយនៅផ្ទះខ្លួនឯងទៅ ទៅកុំវាយនៅផ្ទះខ្ញុំ ជនរងគ្រោះឆ្លើយថា ឯងកុំចេះដឹង! រួចបានយកកៅអីជ័រវាយទៅលើជនសង្ស័យមុន តែជនសង្ស័យគេចផុត ក៏ទាញកៅអីជ័រនោះ វាយសងទៅលើជនរងគ្រោះវិញ បណ្ដាលឲ្យបែកក្បាលដេរ០៧ថ្នេរតែម្ដង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅចាត់ការតាមនីតិវិធី៕