រាជធានីភ្នំពេញ៖ ព្យុះត្រូពិក ឈ្មោះ ម៉ូឡាវ (MOLAVE) នៅព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានរំកិលខ្លួន ចូលដល់ក្នុងសមុទ្រចិនខាងត្បូង ហើយ​ប្រែ​ខ្លួនទៅ​ជាព្យុះទីហ្វុង (TY) បោកបក់យ៉ាងលឿន ហើយវាអាច​នឹងមកនូវ​ទឹកភ្លៀងច្រើន នៅខ្ពស់រាប នាភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់​ទំនាប​កណ្តាល ភាគពាយព្យ និងធ្វើឱ្យទឹកទន្លេមេគង្គ ងើបឡើងវិញ នៅ​ចុងរដូវវស្សានេះ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម បានឱ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថា ព្យុះទី១៨ ឈ្មោះ MOLAVE ដែលក្រសួងបានជូនដំណឹង កាលពីថ្ងៃទី២៥ ខែតុលា នោះ ប៉ុន្ដែរហូតមកដល់ព្រឹកនេះ (ថ្ងៃទី២៦ ខែតុលា) វាបានរំកិល​ខ្លួន​ចូលដល់សមុទ្រចិនខាងត្បូង ហើយវានឹងប្រែក្លាយទៅជាព្យុះទីហ្វុង (TY) ដោយបោកបក់ក្នុងល្បឿនលឿន។

ព្យុះត្រូពិកមួយនេះ បានកើតឡើង បន្ទាប់ពីព្យុះទី១៧ ឈ្មោះ សូដែល បានឡើងគោក និងរលាយនៅលើតំបនភាគខាងជើង ភាគកណ្តាល នៃប្រទេសវៀតណាម ដោយពុំមានឥទ្ធិពលអ្វី មកដល់ប្រទេសកម្ពុជានោះទេ ។ ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះ លោក ចាន់ យុត្ថា បាបន្ថែមថា ប្រសិនបើវាគ្មានការប្រែប្រួល អំពីការព្យាករណ៍ នាពេលនេះ វានឹងនាំមកនូវទឹកភ្លៀងច្រើន លាយឡំនឹងខ្យល់ ធ្វើឱ្យប៉ះពាល់ដល់តំបន់ខ្ពង់រាប តំបន់ឦសាន តំបន់ខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្តាល ភាគពាយព្យផងដែរ។

រហូតមកដល់ពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុង​ធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ អំពីព្យុះម៉ូឡាវនេះ ព្រោះវា​អាចនឹង​ធ្វើឱ្យទឹកទន្លេមេគង្គ ហក់ឡើងវិញម្តងទៀត នៅចុងរដូវវស្សានេះ៕