ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

នៅក្នុងឱកាសដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន
នៅព្រលានយន្តហោះពោចិនតុង ក៏មានវត្តមានរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ក៏បានញ្ជើញថ្វាយព្រះរាជដំណើរចំពោះព្រះអង្គទាំងទ្វេ​ដែរ ដោយក្នុងខណៈពេលសម្ដេចបានធ្វើឲ្យមានកំហុសខុសឆ្គងទៅលើរឿងរើវ៉ែនតាពណ៍ខ្មៅ ដោយសារតែកត្តាចាំបាច់មួយ។

ជាក់ស្ដែងយោងតាមការបកស្រាយផ្ទាល់នៅលើផេករបស់សម្ដេចនៅមុននេះបន្តិចបានឲ្យដឹងថា៖«ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ​ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ»៕