ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Lexus RX350​ សង្ស័យស្រវឹង​បានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់១កង់និងខ្ទាតចេញពីជួរ១កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវទំនប់២៧៣ កែងនឹងផ្លូវលេខ៥២៨ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត Lexus RX350 ពណ៌ស​ ពាក់ស្លាកលេខសៀមរាប2E-7789ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់២៧៣​ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់និង១កង់ទៀតបានវៀចចេញពីគន្លងជួរ។ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត១០០ ម៉ែត្ររងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕