រាជធានីភ្នំពេញ៖ នារីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឫស្សីទី១ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូរបស់គេ នៅចំណុចផ្លូវ១៦៦ កែង១៤១ ភូមិ២ សង្កាត់អូឫស្សីទី១ ខណ្ឌ៧មករា ។

នារីសង្ស័យឈ្មោះ ចាន់ ធីតា អាយុ៣០ឆ្នាំ មុខរបរ លក់នំបុ័ង មានទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ( ធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ ចាន់ សំបូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ម៉ូតូ១គ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1QX-9602 ( ជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យជនរងគ្រោះវិញ), សំបុត្រផ្ញើម៉ូតូចំនួន ១ដុំ , ដែកកឹបចំនួន១។

ជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕