ភ្នំពេញ៖ ពលរដ្ឋ១រូប បានប្រទះឃើញសពទារកអាយុប្រហែល៣ខែម្នាក់ ក្នុងបន្ទប់ទឹក
ក្រុមជាងសំណង់ ដែលហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅ
វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០រួច រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង នៅក្រុម៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សពទារកក្នុងសភាពគ្មានខោអាវ អាយុទើបតែប្រហែល៣ខែប៉ុណ្ណោះ ។
បើតាមសម្តីយុវជនឈ្មោះ និល សណ្តុះ អាយុ២០ឆ្នាំ មុខរបរជាកម្មករសំណង់ នៅកន្លែងកើតហេតុ មានទីលំនៅ ភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនេះ គ្រាដែលគាត់មកដល់កន្លែងធ្វើការ ដើរចូលបន្ទប់ទឹក ស្ថិតនៅខាងក្រោយការដ្ឋាន ស្រាប់តែប្រទះឃើញតែម្តង ទើបឆោឡោរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យមើល ។

តាមប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើ បានឲ្យដឹងថា ពួកគាត់មិនដឹងថាអ្នកណាមានកូនតូច ស្លាប់ហើយយកទៅបោះប្លុងចោលបែបនេះទេ ។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរិះគន់ផងដែរដល់មាតាបិតារបស់សពទារក មិនគួរណា កូនបង្កើតដែលកើតមកហើយ ទោះស្លាប់ក្តី គួរគប្បីចិត្តឲ្យមានព្រហ្មវិហារធម៌ខ្លះផង យកទៅបោះចូលដូចសត្វធាតុ ព្រោះថាពលរដ្ឋខ្មែរយើងប្រកាន់នូវ ទំនៀមទំលាប់ ជំនឿ ព្រះសាសនា ។

ក្រោយពីប្រទះឃើញសពទារក សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរ ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន រួមជាមួយពលរដ្ឋ យកសពទារកទៅរៀបចំពិធីតាមបែបសាសនានៅវត្តជម្ពូវ័ន ៕