ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីការពារមហាសមុទ្រពីកាកសំណល់ប្លាស្ទិក រដ្ឋាភិបាលអង់គ្លេស បានសំរេចថា គ្រប់ហាងទាំងអស់នៅក្នុងប្រទេសត្រូវគិតថ្លៃ ១០ ផេន (ប្រហែល ១៣ សេនដុល្លារ) សម្រាប់ថង់យួរផ្លាស្ទីកដាក់ឥវ៉ាន់ ចាប់ពីខែមេសាឆ្នាំក្រោយ។

រដ្ឋាភិបាលបាននិយាយថា ការបន្ថែមទ្វេរដងនៃថ្លៃថង់ផ្លាស្ទីកដែលបច្ចុប្បន្នចំនួនប្រាំផេន (Five pence) (ប្រហែល ៦.៥ សេន) ជាពន្ធថ្មីលើថង់ផ្លាស្ទិកនឹងត្រូវអនុវត្តចំពោះហាងទាំងអស់ក៏ដូចជាផ្សារទំនើបធំៗ។ ស្ថិតិផ្លូវការចុងក្រោយបង្ហាញពីការយកពន្ធបច្ចុប្បន្នបាននាំឱ្យមានការកាត់បន្ថយ ៩៥ ភាគរយនៃការលក់ថង់ប្លាស្ទិកនៅក្នុងផ្សារទំនើបធំ ៗ នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០១៥ ។

បច្ចុប្បន្ននេះហាងលក់តូចៗរាប់ពាន់ មិនបានគិតថ្លៃថង់ផ្លាស្ទិកនោះទេ ប៉ុន្តែមានមនុស្សជាច្រើនបានយល់ព្រមកាត់បន្ថយការប្រើថង់ផ្លាស្ទិកដោយស្ម័គ្រចិត្ត។ រដ្ឋាភិបាលបាននិយាយថា នឹងធ្វើឱ្យចក្រភពអង់គ្លេសខិតទៅកាន់តែជិតមហិច្ឆតារបស់ខ្លួនដើម្បីលុបបំបាត់កាកសំណល់ប្លាស្ទិចដែលអាចជៀសវាងបានតាមរយៈផែនការបរិស្ថានរយៈពេល ២៥ ឆ្នាំ។