ក្រុមហ៊ុនអគ្គិសនីរដ្ឋប្រទេសឡាវ Electricite du Laos (EDL) និងក្រុមហ៊ុនចិន China Southern Power Grid (CSG) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនបញ្ជូនបណ្តាញអគ្គិសនីនៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

មន្រ្តីក្រុមហ៊ុនចិន China Southern Power Grid (CSG) បានប្រាប់ព័ត៌មានស៊ីនហួរ ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសឡាវនិងចិននៅក្នុងឧស្សាហកម្មថាមពល។ ការបង្កើតភាគហ៊ុនបញ្ជូនអគ្គិសនី គឺជាជំហានសំខាន់មួយក្នុងការកសាងសហគមន៍ចិន-ឡាវ ជាមួយនឹងអនាគតរួមគ្នា ហើយក៏ជាសមិទ្ធិផល ថ្មីបំផុតនៃកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គឡាងកាង លើកទី ៣ ដែលបានធ្វើឡើងកាលពីចុងខែសីហា ។

លោក Khammany Inthirath រដ្ឋមន្រ្តីក្រសួងថាមពលនិងរ៉ែបាននិយាយថា Electricite du Laos Transmission Company Limited (EDLT) ជាគម្រោងដ៏សំខាន់មួយនៅក្នុងដំណើរការមានលក្ខណៈជាឧស្សាកម្ម នៅក្នុងប្រទេសឡាវ នឹងជួយផ្គត់ផ្គង់ថាមពលអគ្គីសនីបានគ្រប់គ្រាន់ដោយខ្លួនឯង និងមានស្ថេរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ក៏ដូចជាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាង។

លោក Jiang Zaidong ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឡាវ បាននិយាយក្នុងពិធីចុះហត្ថលេខា ថាការបង្កើតភាគហ៊ុនអគ្គិសនី EDLT ជាជំហានដំបូងដើម្បីអនុវត្តការមូលមតិគ្នាដ៏សំខាន់ដែលបានឈានដល់កិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការមេគង្គឡាងកាងលើកទី ៣ ដែលអំពាវនាវឱ្យពង្រឹងការតភ្ជាប់ថាមពលនៅបណ្តាប្រទេសមេគង្គឡាងកាង។

លោកបាននិយាយថា ក្រុមហ៊ុនទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបម្រើដល់យុទ្ធសាស្ត្រជាតិរបស់ប្រទេសឡាវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវនិងដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមកនិងលទ្ធផលឈ្នះឈ្នះ។