ហាណូយ៖ ទីក្រុងហូជីមិញកំពុងផ្លាស់ប្តូរដើម្បីអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនៅក្នុងតំបន់មេគង្គនិងតំបន់ផ្សេងទៀត។
ថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញដែលជាសមាជិកប្រតិបត្តិនៃទីក្រុងភាគខាងត្បូងប្រទេសវៀតណាម បានស្នើផែនការអភិវឌ្ឍន៍ទៅនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលសំណើរនេះ ជាសារដ៏សំខាន់មួយនៅមុនមហាសន្និបាតរបស់បក្សកុម្មុយនិស្ត នៅខែមករាដែលនឹងដាក់ចេញនូវផ្លូវសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ទសវត្សបន្ទាប់។

បទបង្ហាញរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ធ្វើឡើងនៅពេលដែលប្រទេសវៀតណាមគ្រោងនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទីក្រុងហូជីមិញ ដើម្បីជំរុញសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងក្នុងគោលបំណងជួយប្រទេសនេះឱ្យរួចផុតពីការបំផ្លិចបំផ្លាញសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ។

គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាននិយាយថា ការបង្កើតមណ្ឌលហិរញ្ញវត្ថុហូជីមិញប្រកបដោយជោគជ័យត្រូវបានគេរំពឹងថានឹងបង្កើតផលវិជ្ជមានទៅលើប្រភពដើមទុនរបស់ប្រទេសទន្ទឹមនឹងការទាក់ទាញលំហូរវិនិយោគដែលនឹងគាំទ្រដល់អាជីវកម្មនិងផលិតផលហិរញ្ញវត្ថុ ក៏ដូចជាសេវាកម្ម ។ គោលដៅដំណាក់កាលដំបូងរបស់ទីក្រុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុគឺ ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រទេសជិតខាងដូចជា ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា ។ បន្ទាប់មកគឺចូលដល់បណ្តាញមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុនៅក្នុងតំបន់ធំទូលាយរួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

អ្នកជំនាញសេដ្ឋកិច្ចនិយាយថា ទីក្រុងហូជីមិញមានទីតាំងល្អ ដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ វាបានចូលរួមចំណែក ២២,៣% នៃផលិតផលក្នុងស្រុកសរុប ២៦,៦% នៃថវិកាជាតិ និង ៣៣,៨% នៃការវិនិយោគផ្ទាល់ពីបរទេស ។

លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាននិយាយថា ទីក្រុងហូជីមិញនឹងត្រូវធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះដែរលោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនបានលើកឡើងថា «ម្រោងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវបានគេរំពឹងថានឹងផ្តល់អំណាចដល់ទីក្រុងឱ្យឈានទៅមុខនិន្នាការនៃសកលភាវូបនីយកម្មដ៏ទូលំទូលាយនៃការវិនិយោគក្នុងពាណិជ្ជកម្មហិរញ្ញវត្ថុនិងបច្ចេកវិទ្យា» ៕
ប្រភព៖ asia.nikkei