គណៈកម្មការអឺរ៉ុបបាននិយាយថាខ្លួននឹងចូលរួមចំណែកក្នុងការផ្តួចផ្តើមដឹកនាំ ដោយអង្គការសុខភាពពិភពលោក ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈដែលអង្គការសុខភាពពិភពលោកបាននិយាយថាប្រទេសអាល្លឺម៉ង់បានចូលរួមក្នុងកិច្ចព្រមព្រៀងហើយទីភ្នាក់ងារនេះកំពុងចរចាជាមួយប្លុកបណ្តាប្រទេសអឺរ៉ុប។

គណៈកម្មការ បានប្រកាសថាខ្លួននឹងផ្តល់ការធានាទឹកប្រាក់ចំនួន ៤០០ លានអឺរ៉ូ ដោយមិនបានបញ្ជាក់ថាតើរដ្ឋសហភាពអ៊ឺរ៉ុបនឹងទទួលបានការចាក់ថ្នាំបង្ការតាមរយៈ គម្រោងរបស់អង្គការសុខភាពពិភពលោកដែរឬយ៉ាងណានោះទេ។អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Gheybreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថាប្រទេសអាឡឺម៉ង់ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។

លោកបន្ថែមថា យើងក៏កំពុងចរចាជាមួយសមាជិកសហភាពអឺរ៉ុប ដែលនៅសល់ហើយលទ្ធភាពមួយដែលយើងកំពុងពិនិត្យមើលគឺដើម្បីឱ្យសមាជិកសហភាពអឺរ៉ុបចូលរួម។ លោកគិតថា វិធីល្អបំផុតដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ គឺជាសាមគ្គីភាពតាមរយៈកិច្ចសហប្រតិបត្តិការ។ គំនិតផ្តួចផ្តើម កូវ៉ាក (COVAX)មានគោលបំណងដើម្បីទិញវ៉ាក់សាំង ពីក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើននៅចុងឆ្នាំ ២០២១ សម្រាប់ប្រទេសទាំងអស់នៅលើ ពិភពលោកចំនួន ២ ពាន់លានដូស ។ អ្នកនាំពាក្យគណៈកម្មការ បាននិយាយថា ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនឹងត្រូវបានផ្តល់ជូនតាមរយៈអ្នកធានាលើគំ និតផ្តួចផ្តើមនេះ។