ទីក្រុង​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​ឱ្យ​វេជ្ជបណ្ឌិត​នៅ​តំបន់​សេ​អ៊ូ​ល​វិល​ត្រឡប់​មក​ធ្វើការ​វិញ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែសីហា នេះ​ខណៈ​ពួក​គេ​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​រយៈពេល​៣​ថ្ងៃ​ដើម្បី​ប្រឆាំង​នឹង​សំណើ​របស់​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​នោះ​មាន​មួយ​ដើម្បី​ជំរុញ​ចំនួន​វេជ្ជបណ្ឌិត និង​ដោះស្រាយ​វិបត្តិ​សុខភាព​នៃ​ជំងឺ Covid-19 ដែល​កំពុង​ប្រឈម​មុខ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ នេះ ។

កូដកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង Covid-19 ដោយ​មាន​ករណី​ថ្មី​ចំនួន​៣២០​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ។

ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​រាយការណ៍​ថា ការ​ដើរ​ចេញ​មិន​ព្រម​ធ្វើការ​របស់​ក្រុម​វេជ្ជបណ្ឌិត​បាន​បង្ខំ​ឱ្យ​មន្ទីរពេទ្យ​ទូទៅ​ធំ​ៗ​ចំនួន​៥​របស់​កូរ៉េ​ខាងត្បូង​កំណត់​ម៉ោង​និង​ពន្យារពេល​នៃ​ការ​វះកាត់ ។ កាលពីដើម​ស​ប្តា​ហ៍​ក្រុម​វេជ្ជបណ្ឌិត​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បន្ត​ដោះស្រាយ​អ្នកជំងឺ​ដែល​មាន​ផ្ទុកមេរោគ​នេះ​ប៉ុន្តែ​មិន​បាន​រក​ឃើញ​ការ​សម្របសម្រួល​លើ​បញ្ហា​នេះនោះ​ទេ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Park Neung-hoo បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា ៖«​ឥឡូវនេះ​រដ្ឋាភិបាល​គ្មាន​ជំរើស​អ្វី​ក្រៅពី​ចាត់វិធានការ​តាម​ច្បាប់​ចាំបាច់​ដូច​ជា​បទបញ្ជា​ដើម្បី​បើក​អាជីវកម្ម ដើម្បី​មិន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ការ​រស់នៅ និង​សុវត្ថិភាព​របស់​ពលរដ្ឋ ។ យើង​ជំរុញ​ឱ្យ​សិក្ខាកាម និង​គ្រូពេទ្យ​ទាំងអស់​ត្រឡប់​មក​ធ្វើការ​វិញ​ជា​បន្ទាន់​» ៕

ប្រភព ៖ Channel News Asia , ដោយ ៖ សំណាង