ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គី​ម ជុង​អ៊ុ​ន នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កំពូល​មួយ​ដោយ​លោក​បាន​ចេញ​ការ​ព្រមាន​អំពី​ជំងឺឆ្លង Covid-19 និង​ព្យុះ​ទី​ហ្វុ​ង​ដែល​កំពុង​កើត​មាន បន្ទាប់​ពី​មានការ​សង្ស័យ​ជា​អន្តរជាតិ​អំពី​ស្ថានភាព​សុខភាព​របស់​គាត់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Bangkok Post ដែល​បាន​ដកស្រង់​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ នេះ ។

ការ​អត្ថាធិប្បាយ​របស់​លោក គី​ម ជុង​អ៊ុ​ន កើតឡើង​ចំ​ពេល​មានការ​ជជែក​វែកញែក​អំពី​ស្ថានភាព​សុខភាព​របស់​លោក​បន្ទាប់​ពី​ទីភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា លោក​បាន​ផ្ទេរសិទ្ធិ​អំណាច​មួយ​ចំនួន​ទៅ​ឱ្យ​ប្អូនស្រី​របស់​លោក​គឺ​លោកស្រី គី​ម យ៉ូ​ជុង ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​អភិបាលកិច្ច​របស់​លោក ។

អតីត​ជំនួយការ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Kim Dae-jung ថែម​ទាំង​បាន​និយាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​ថា លោក​គិត​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​គឺ​សន្លប់​ទោះបីជា​មិន​មាន​ភស្តុ​តាង​ជាក់ស្តែង​ក៏​ដោយ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​រាយការណ៍​ថា លោក គី​ម ជុង​អ៊ុ​ន បាន​បង្ហាញ​វត្តមាន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​កំពូល​មួយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​ទាំងអស់ ៕

ប្រភព ៖ Bangkok Post , ដោយ ៖ សំណាង