រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃសមាជិកទាំង ១០ប្រទេស នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានពិភាក្សាអំពីការឆ្លើយតបនិងការងើបឡើងវិញ ពីការរីករាលដាលនៃជម្ងឺកូវីត- ១៩ និងផលប៉ះពាល់របស់ជម្ងឺនេះ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ ដែលត្រូវបានធ្វើឡើងតាម Video Conference អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈស្តីពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីត- ១៩ បានពិភាក្សាគ្នានិងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្ងឺរាតត្បាតនេះ។ រដ្ឋមន្រ្តីបានពិភាក្សាអំពីការឆ្លើយតបក្នុងតំបន់ចំពោះការរីករាលដាលនៃជំងឺនេះរួមទាំងសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំផែនការស្តារឡើងវិញដ៏ទូលំទូលាយមួយនៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ។

នៅក្នុងពេលមានការរីករាលដាលនៃជំងឺកូវីត-19 មានអាទិភាពមួយចំនួនសម្រាប់បណ្តាប្រទេសអាស៊ានដែលត្រូវដោះស្រាយ រួមមានការរំខានដល់ខ្សែសង្វាក់ ផ្គត់ផ្គង់ ក៏ដូចជាការផ្លាស់ប្តូរទំនិញ ផលិតផល បុគ្គលនិងធនធានមនុស្ស ដែលរងផលប៉ះពាល់ដោយវិធានការបង្ការនិងទប់ស្កាត់ជំងឺ។

លោកបានអំពាវនាវឱ្យមានវិធានការណ៍ពីបណ្តាប្រទេសអាស៊ានដើម្បីពង្រឹងបន្ថែមទៀតនូវភាពធន់នៃសេដ្ឋកិច្ចនិងសមត្ថភាព ក្នុងការឆ្លើយតបទៅនឹងស្ថានភាពថ្មី។ ទីភ្នាក់ងារសារព័ត៌មាន បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំនេះរដ្ឋមន្ត្រីនានាក៏បានពិភាក្សាអំពីការចរចាទិសដៅឆ្ពោះទៅរកគោលដៅនៃការបញ្ចប់ការចរចានិងការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅចុងឆ្នាំ ២០២០ ។

លោក Anh បាននិយាយថាប្រទេសវៀតណាម បានធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូរបស់ពួកគេដើម្បីលើក កម្ពស់ការដោះស្រាយបញ្ហាបញ្ហាដែលមិនទាន់បានដោះស្រាយនៅក្នុងការចរចារ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

រដ្ឋមន្រ្តីទាំងអស់បានពិនិត្យមើលការអនុវត្តគំនិតផ្តួចផ្តើមសេដ្ឋកិច្ចរបស់ប្លុកនេះក្នុងឆ្នាំ ២០២០ និងបានអនុម័តលើឯកសាររួមទាំងសន្ទស្សន៍សមាហរណកម្មឌីជីថលអាស៊ាននៅក្នុងកិច្ចប្រជុំ។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថាទំនាក់ទំនងសេដ្ឋកិច្ចរបស់ អាស៊ានជាមួយដៃគូមួយចំនួនរួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានចូល រួមពិភាក្សា។ ដោយបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ក្រុមបណ្តាប្រទេសអាស៊ាន រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និង ប្រទេសវៀតណាម។