ហុងកុង៖ លោក Luu Gia Huy គឺជាតារាក្បាច់គុណម្នាក់ ដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងចំណោមតារាក្បាច់គុណល្បីៗមួយចំនួននៅទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ដែលកេរ្តិ៍ឈ្មោះរបស់លោកបានធ្វើឲ្យទស្សនិកជនស្គាល់ច្បាស់តាមរយៈរឿង​ «he Great Siege» ឆ្នាំ ១៩៩៥, តួអង្គស្ដេចគោ ក្នុងរឿង «Journey to the West» ឆ្នាំ​ ១៩៩៦ និងរឿង «Dragon Emperor» ក្នុងឆ្នាំ ២០០០ ជាដើម ។

លោក Luu Gia Huy ក៏ជាតារាហុងកុងម្នាក់ ដែលទទួលបានការកោតសសើរអំពីសមត្ថភាព ពីសំណាក់អ្នកដឹកនាំរឿងហូលីវូដ ហើយលោកក៏ត្រូវបានអញ្ជើញចូលរួមសម្ដែងក្នុងរឿង «Kill Bill» នាកំលុងឆ្នាំ ២០០៣ និង ២០០៤ ផងដែរ ។

កាលពីពេលថ្មីៗនេះ បណ្ដាញផ្សព្វផ្សាយក្នុងប្រទេសចិន បានបង្ហាញពីវត្តមានរបស់លោក Luu Gia Huy នៅក្នុងកម្មពិធីមួយ ហើយបានធ្វើឲ្យអ្នកគាំទ្រស្លុតចិត្តយ៉ាងខ្លាំង ដោយសារតែបានឃើញពីស្ថានភាពដ៏បាករបស់លោក Luu Gia Huy អង្គុយលើរទះរុញ តែលោកនៅតែព្យាយាមតាំងចិត្តស្វាគមន៍អ្នកគាំទ្ររបស់លោក ។

ចំពោះស្ថានភាពរបស់លោក Luu Gia Huy បច្ចុប្បន្ននេះ គឺពិការ រស់ដោយសារទឹកចិត្តសប្បុរសធម៌ពីសំណាក់មិត្តរួមអាជីព គ្មានសូម្បីផ្ទះសម្បែង និងការមើលថែពីសំណាក់ប្រពន្ធ កូន​ ។

សូមរំឭកថា កាលពីឆ្នាំ ២០១១ លោក Luu Gia Huy បានជួបគ្រោះថ្នាក់ដោយសារខ្យល់បោកបណ្ដាលឲ្យលោកដួលទៅនឹងដី ព្រមទាំងធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន ហើយនៅក្នុងឆ្នាំដដែលនោះអាជីពជាតារាក្បាច់គុណរបស់លោក ក៏ត្រូវបានបញ្ចប់ទាំងស្រុង ។

និយាយពីស្ថានភាពគ្រួសារ អតីតតារាសម្ដែងវ័យ ៦៥ ឆ្នាំរូបនេះ បានរៀបការប្រពន្ធដល់ទៅពីរដង ។ ប្រពន្ធទីមួយរបស់លោក បានបែកបាក់គ្នាដោយបន្សល់ទុកចំណងដៃកូនស្រីពីរនាក់ ម្នាក់ឈ្មោះ Angie បច្ចុប្បន្នអាយុ ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ Bonnie អាយុ ២៨ឆ្នាំ ហើយបច្ចុប្បន្នម្ដាយ និងកូនទាំងបីនាក់បានទៅរស់នៅសហរដ្ឋអាមេរិក និងមិនដែលបានមកលេង សួរសុខទុក្ខលោកឡើយចាប់តាំងពីពេលលោកធ្លាក់ខ្លួនឈឺមក ។

នៅឆ្នាំ ១៩៩១ លោក Luu Gia Huy បានរៀបការប្រពន្ធទីពីរដែលជាជនជាតិថៃ ឈ្មោះ Ma Phi Phung និងមានកូនប្រុស ស្រី ពីរនាក់ជាមួយគ្នា តែក្រោយមកក៏បានលែងលះគ្នា ហើយប្រពន្ធទីពីររបស់លោកក៏បាននាំកូនទៅប្រទេសថៃវិញ ។

ចាប់តាំងពីលោកធ្លាក់ខ្លួនឈឺ គ្មានប្រពន្ធកូនណាមកសួរសុខទុក្ខលោកឡើយ មិនតែប៉ុនណោះ ខណៈពេលដែលលោក Luu Gia Huy កំពុងដេកឈឺក្នុងមន្ទីរពេទ្យ ប្រពន្ធទីពីរដែលជាជនជាតិថៃ និងកូនៗ បាននាំគ្នាមកចាត់ចែងទ្រព្យសម្បត្តិរបស់លោក ហើយកូនប្រុសរបស់លោកឈ្មោះថា Kris ក៏បានគប់គិតគ្នាជាមួយជំនួយការរបស់លោកឈ្មោះ Eva Phung Anh Hoa លួចលុយអស់ចំនួន ២៣ម៉ឺនដុល្លារ ទៀតផង ។

ទីបំផុតដោយសារតែថ្លៃសេវាសម្រាកក្នុងមន្ទីរពេទ្យមានចំនួនជាង ១០,០០០ ដុល្លារក្នុងមួយខែ ទើបលោក Luu Gia Huy បានសម្រេចចិត្តលក់ផ្ទះតែមួយគត់របស់ខ្លួន ដើម្បីព្យាបាលជំងឺ ហើយលោកត្រូវបានមើលថែដោយមិត្តភក្ដិចាស់របស់លោកឈ្មោះ Luu De Hoa ដែលជាអ្នកជួយជ្រោមជ្រែងលោករហូតមក ។

បច្ចុប្បន្នលោក Luu Gia Huy បានរស់ដោយសារមូលនិធិមិត្តភក្ដិចាស់ៗរបស់លោកដែលធ្វើការនៅទូរទស្សន៍ TVB ហើយតាំងពីឆ្នាំ ២០១៤ មកលោកត្រូវបានគេបញ្ជូនទៅរស់នៅមជ្ឈមណ្ឌលថែទាំមួយកន្លែង ៕

ប្រភព៖ 2sao