យោងតាមទិន្នន័យគយបានបង្ហាញកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសចិន បាននាំចូលសាច់ជ្រូកចំនួន ៤៣០.០០០ តោន នៅក្នុងខែកក្កដា ដែលកើនឡើង ១៣៦% បើ ប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន និងបរិមាណកំណត់ត្រាប្រចាំខែទោះបីជាមានការត្រួតពិនិត្យថ្មីដ៏តឹងរឹងលើទំនិញដែលបានមកដល់នៅកំពង់ផែក៏ដោយ។

អ្នកនាំចូលជនជាតិចិនបាននាំចូលសាច់យ៉ាងច្រើននៅឆ្នាំនេះដើម្បីបំពេញកង្វះការផ្គត់ផ្គង់ក្នុងស្រុកដ៏ធំ បន្ទាប់ពីការរីករាលដាលនៃជំងឺគ្រុន ជ្រូកអាហ្វ្រិក ដែលបានសម្លាប់ជ្រូក រាប់លានក្បាលនៅក្នុងប្រទេសចិន។ ការនាំចូលសាច់នៅខែកក្កដាមានចំនួនច្រើនជាង ៤០០.០០០ តោនក្នុងខែមិថុនា ដែលជាបរិមាណខ្ពស់បំផុតមិនធ្លាប់មាន ។

ការនាំចូលដ៏ច្រើនបានធ្វើឡើងបន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមធ្វើតេស្តលើកុងតឺន័រនៃអាហារក្លាសេ ដើម្បីរកមេរោគឆ្លងកូរ៉ូណា ក្នុងខែមិថុនា ខណៈមកដល់កំពង់ផែ។ ប្រទេសចិន បានស្នើសុំឱ្យរោងចក្រនៅក្រៅប្រទេសផ្អាកការដឹកជញ្ជូន ប្រសិនបើពួកគេជួបប្រទះនឹងករណីឆ្លងវីរុសកូរ៉ូណាក្នុងចំណោមកម្មករ។

ការងារនៅតាមរោងចក្រ ជាច្រើនកន្លែងត្រូវបានផ្អាកជាបណ្តោះអាសន្ន ទោះបីជាអ្នកជំនាញភាគច្រើននិយាយថា គ្មានភស្តុតាងដើម្បីបង្ហាញថាវីរុសអាចឆ្លងតាមរយៈអាហារក៏ដោយ។ ការនាំចូលសាច់ជ្រូក ពីខែមករាដល់ខែកក្កដា បានកើនឡើងដល់ ២,៥៦ លានតោន គឺកើនឡើងជាង ១ លានតោនកាលពីឆ្នាំមុន។

ទិន្នន័យបង្ហាញថាការនាំចូលសាច់ជ្រូក រួមទាំងសំណល់ សាច់ ក្នុងខែកក្កដាមានចំនួន ៥៦០.០០០ តោន ដែលនាំឱ្យការនាំចូល សរុបសម្រាប់ ឆ្នាំនេះដល់ដំណាច់ខែកក្កដាឈានដល់ ៣,៣៨ លានតោន។ មន្ត្រីគយនិយាយថា ការនាំចូលសាច់គោនៅក្នុងខែកក្កដាមានចំនួន ២១០.០០០ តោន ។