បរទេស៖ អ្នកនេសាទជនជាតិវៀតណាមម្នាក់ បានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើងនៅក្នុងការប្រឈមមុខដាក់គ្នា បន្ទាប់ពីឆ្មាំសមុទ្ររបស់ម៉ាឡេស៊ី បានព្យាយាមឆែកឆេរទូកចំនួន២ ដែលពួកគេជឿថាជាការនេសាទខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែសីហានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ី ​លោក Zubil Mat Som បាននិយាយថា អ្នកនេសាទវៀតណាម ចំនួន១៩នាក់ បានជិះទូកចូលមកនេសាទក្នុងដែនទឹកម៉ាឡេស៊ី ចម្ងាយ៨០ម៉ាយល៍ពីតូកបាលី ស្ថិតនៅភាគឥសាន នៃរដ្ឋ Kelantan កាលពីថ្ងៃអាទិត្យ ។

លោកបាននិយាយថា “មុនដំបូងនាវិកឆ្មាំឆ្នេរសមុទ្ររបស់យើង បានបាញ់ព្រមាននៅលើអាកាស ប៉ុន្តែបន្ទាប់ពីពួកគេបានវាយបក និងចាក់សាំងដបដើម្បីដុតកង់ឡានក្នុងគោលបំណងព្យាយាមធ្វើឲ្យឆាបឆេះទូកឆ្មាំឆ្នេរសមុទ្រ ដែលត្រូវបានបំផ្លាញដោយការវាយលុកយ៉ាងខ្លាំង ឆ្មាំនេសាទយើងគ្មានជំរើសអ្វីក្រៅពីបើកការបាញ់ការពារខ្លួន” ។

ក្រោយពីបើកឆាកប្រយុទ្ធមួយគ្រា បានធ្វើឲ្យអ្នកនេសាទជនជាតិវៀតណាមម្នាក់រងរបួសដោយគ្រាប់កាំភ្លើង ហើយត្រូវបានប្រកាសថា បានស្លាប់បន្ទាប់ពីគាត់ត្រូវបាននាំយកទៅច្រាំង។

ប្រមុខឆ្មាំឆ្នេរសមុទ្ររូបនេះបានមានប្រសាសន៌ឲ្យដឹងថាទៀតថា សមាជិកនាវិក១៨នាក់ ផ្សេងទៀតត្រូវបានឃុំខ្លួនហើយ នឹងត្រូវបានស៊ើបអង្កេតចំពោះបទល្មើសផ្សេងៗរួមមានការនេសាទខុសច្បាប់ ការចូលដោយខុសច្បាប់ និងការប៉ុនប៉ងធ្វើឃាត ៕