បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Workpointtoday នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា គណៈរដ្ឋមន្រ្ដីរដ្ឋាភិបាល លោក ប្រាយុទ្ធ ចាន់អូចារ បានត្រៀមរៀបចំ និងដាក់សំណើរស្នើសុំទៅគណៈម្មាធិការសន្ដិសុខជាតិ ក្នុងគោលបំណងពិចារណាដាក់ប្រទេសនៅក្នុងគ្រាអាសន្ន១ខែទៀត ដោយគិតចាប់ពីខែក្រោយនេះតទៅ។

លោកឧត្តមសេនីយ៌ ណាត ផានិក មេបញ្ជាការរងកងទ័ពថៃ បានមានប្រសាសន៌ឲ្យដឹងថា តាមការមើលជាក់ស្ដែងការដាក់ប្រទេសក្នុងគ្រាអាសន្ន១ខែ បន្ថែមទៀតនោះគឺពុំមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជនឡើយ ពីព្រោះច្បាប់នេះគឺបានតែការពារគ្រប់គ្រងជំងឺឆ្លងតែប៉ុណ្ណោះ ដោយសកម្មភាពផ្សេងៗគឺវិលត្រឡប់មកសភាពធម្មតាស្រាប់ហើយ។

លោកបានបន្ថែមទៀតថា ចំពោះរូបភាពទូទៅនៃច្បាប់នេះក្នុងការគ្រប់គ្រងជំងឺឆ្លងគឺវាមានប្រសិទ្ធភាពល្អខ្លាំង បើប្រៀបធៀបនឹងតួលេខដែលគណៈម្មាធិការគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ បានទទួលមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញមេបញ្ជាការរងកងទ័ពថៃរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បើទោះបីសព្វថ្ងៃមានលទ្ធផលល្អយ៉ាងណាក្ដី ៕