បរទេស៖ នាយប់ថ្ងៃព្រហស្បតិ៍​ ទី៣០ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចវៀតណាម បានធ្វើការបង្រ្កាបវាយឆ្មក់ជនល្មើសជួញដូរគ្រឿងញៀន១ក្រុម ដោយបានរឹបអូសគ្រឿងញៀនជាង៧៦គីឡូក្រាម ដែលជាប់ទាក់ទងនឹងប្រទេសកម្ពុជា ដែលឈានដល់ការចាប់ខ្លួនជនសង្ស័យ៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

ប៉ូលិសវៀតណាមបាននិយាយថា គ្រឿងញៀនដែលរឹបអូសបានរួមមាន ថ្នាំមេតំហ្វេតាមីនយ៉ាងហោចណាស់៧៦គីឡូក្រាម និងថ្នាំញៀនប្រភេទគ្រាប់ចំនួន១៧ ០០០ គ្រាប់។ ដោយគ្រឿងញៀនទាំងអស់នេះត្រូវបានរកឃើញនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងស្រុកប៊ិញថាញ់ ទីក្រុងហូជីមិញ។

ប៉ូលីសបាននិយាយថា ថ្នាំទាំងនេះជារបស់ក្រុមជួញដូរមនុស្សដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ ហើយចំណែកព័ត៌មានលម្អិតបន្ថែមអំពីការចាប់ខ្លួនមនុស្សទាំង៩នាក់នោះមិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនៅឡើយទេ ដោយបច្ចុប្បន្ននេះប៉ូលីសកំពុងតែបើកការស៊ើបអង្កេតដើម្បីឈានទៅដល់ការចាប់មេខ្លោងតែម្ដង។

គួរជម្រាបថា ប្រទេសវៀតណាម មានច្បាប់គ្រឿងញៀនតឹងរឹងបំផុតនៅលើពិភពលោក អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធគ្រឿងញៀនហេរ៉ូអ៊ីនជាង៦០០ ក្រាមឬ មេតំហ្វេតាមីនជាង២,៥ គីឡូក្រាម នឹងត្រូវប្រឈមមុខទទួលទោសប្រហារជីវិត ៕