បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍​ ទី២ ខែកក្កដា​ ឆ្នាំ២០២០ ប្រទេសវៀតណាមនិងហ្វីលីពីន បានចេញមុខរិះគន់ការធ្វើសមយុទ្ធយោធារបស់ចិន នៅផ្នែកជម្លោះមួយនៃសមុទ្រចិនខាងត្បូង ដោយព្រមានថា វាអាចបង្កើតភាពតានតឹងនៅក្នុងតំបន់ និងប៉ះពាល់ដល់ទំនាក់ទំនងទីក្រុងប៉េកាំង ជាមួយប្រទេសជិតខាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា សមយុទ្ធរបស់ចិន នៅក្នុងដែនទឹកក្បែរប្រជុំកោះ Paracel គឺជាការបង្កហេតុយ៉ាងខ្លាំង ខណៈក្រសួងការបរទេសវៀតណាម បានហៅពួកគេថារំលោភលើអធិបតេយ្យភាពដែលអាចបង្កអន្តរាយដល់ទំនាក់ទំនងទីក្រុងប៉េកាំង ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ប្រទេសចិន បានកំណត់ពេលធ្វើសមយុទ្ធយោធារយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃពុធទី០១ ខែកក្កដានេះ​ នៅប្រជុំកោះ Paracels នេះបើយោងតាមសេចក្តីប្រកាសថ្ងៃទី២៧ ខែមិថុនារបស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រហៃណាន។

ប្រទេសវៀតណាម និងហ្វីលីពីន គឺជាអ្នកប្រឆាំងក្នុងតំបន់ដែលបញ្ចេញសម្លេងខ្លាំងបំផុតចំពោះអ្វីដែលពួកគេមើលឃើញថាជាការឈ្លានពានរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងការមិនគោរពព្រំដែនដែលបានចែងនៅក្នុងច្បាប់សមុទ្រអន្តរជាតិ ដោយប្រទេសវៀតណាមបានទាមទារការត្រួតស៊ីគ្នាជាមួយចិនលើប្រជុំកោះប៉ារ៉ាសែល។

ទីក្រុងហាណូយ និងទីក្រុងម៉ានីល បានព្រមានអំពីការកើនឡើងនូវអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃសុក្រ សប្តាហ៍មុនចំពេលមានការព្រួយបារម្ភរួមទាំងសហរដ្ឋអាមេរិក ផងដែរថា ប្រទេសចិនកំពុងប្រើប្រាស់គម្របវីរុសកូវិដ-១៩ ដើម្បីបង្កើនសកម្មភាពកងទ័ពជើងទឹក និងជំរុញការទាមទារទឹកដីរបស់ខ្លួន។

ទោះបីហ្វីលីពីន គ្មានការអះអាងចំពោះប្រជុំកោះ Paracels ក៏ដោយក៏ Lorenzana បាននិយាយថាប្រទេសចិនធ្វើសមយុទ្ធហួសដែនទឹករបស់ខ្លួនគឺមិនអាចទទួលយកបានទេ។ ដោយលោក Delfin Lorenzana បានលោកបានប្រាប់វេទិកាសន្តិសុខមួយថា៖ «រឿងនេះគឺពាក់ព័ន្ធខ្លាំងណាស់យើងមើលឃើញថាជាមួយ នឹងការប្រកាសអាសន្ន»។

កាលពីពុធ ទី០១ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ បានផ្ញើកំណត់ទូតទៅកាន់ប្រទេសចិន ដើម្បីប្រឆាំងនឹងសមយុទ្ធដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។ លោកស្រីបាននិយាយថា សមយុទ្ធនេះធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញនិងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាស៊ាន ៕