បរទេស៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសថៃ បានប្រកាសអនុញ្ញាតឲ្យរង្គសាល បារ ក្លឹប ក៏ដូចជាហាងម៉ាស្សា បើកដំណើរការអាជិវកម្មឡើងវិញ ដែលអាជីវកម្មទាំងនេះបានខកខានបិទអស់រយៈពេល៣ខែ ជាប់ៗគ្នាដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩។

យ៉ាងណាមិញយោងតាមប្រភពព័ត៌មាន Kapook ដែលបានចុះផ្សាយនាថ្ងៃទី០៣ ខែកក្កដានេះ បានឲ្យដឹងថា ពេលនេះអាជីវកម្មម៉ាស្សាដែលបានបើកនៅថ្ងៃដំបូង ហាក់បីដូចជាកំពុងតែមមាញឹកខ្លាំង ដោយមានភ្ញៀវជាច្រើនបានសម្រុកចូលទៅទទួលសេវាកម្មយ៉ាងភ្លូកទឹកភ្លឹកដី ជាពិសេសគឺភ្ញៀវប្រុសៗតែម្ដង ដែលហាងម៉ាស្សាសសឹងតែទូទាំងប្រទេស មានភ្ញៀវចូលពេញៗបន្ទប់ រហូតឈានដល់អតិថិជនត្រូវរង់ចាំជាជួរ ដោយ អ្នកខ្លះមិនអាចរង់ចាំបាន ឬក៏រង់ចាំយូរពេកបានត្រឡប់ទៅផ្ទះជាមុនសិន រួចសឹមត្រឡប់មកទៀត និយាយរួមទៅបរិយាកាសមានសភាពអ៊ូអរដែលអាជីវកម្មផ្សេងៗទៀតហាក់បីដូចជាមិនសូវអ៊ូអ៊រ។

ទន្ទឹម នឹងនេះដែរ ហាងម៉ាស្សាទាំងអស់បានអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលយ៉ាងតឹងរឹង ចាប់តាំងពីការបាញ់កំដៅ ពីទ្វារក្រៅរហូតដល់ច្រកទ្វារក្នុង រួមទាំងប្រើជែលលាងដៃ មានអនាម័យខ្ពស់បានយ៉ាងខ្ជាប់ខ្ជួន។

លោក សោមសាក់​ ឆៃឆេត អ្នកគ្រប់គ្រងហាងម៉ាស្សាបានមានប្រសាសន៍ថា ហាងម៉ាស្សាបានបើកជាលើកដំបូងក្នុងរយៈពេល៣ខែ ប៉ុន្តែបុគ្គលិកវ័យក្មេងដែលមកធ្វើការនៅថ្ងៃនេះមិនទាន់មានច្រើននៅឡើយទេ ដោយមានប្រហែលជា២០នាក់ ដូច្នេះហើយការបម្រើសេវាកម្មហាក់បីដូចជាមានភាពរអាក់រអួល ប៉ុន្តែទោះបីជាយ៉ាងណាពួកយើងសង្ឈឹមថាការបន្តអនុវត្តតាមគោលការណ៌អនាម័យរបស់រដ្ឋាភិបាលនៅតែជាអាទិភាពចម្បងជានិច្ច ដើម្បីឆ្ពោះទៅបង្ការការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩។

គួរជម្រាបថា ប្រទេស​ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​របស់​ខ្លួន​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​បន្ថែម​ទៀត ចាប់ពី​ថ្ងៃ​ទី​០១ ដល់ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់ និង​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ ៕