ភ្នំពេញ៖ យោងតាមការនិយាយរបស់​ លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈបណ្តាញសង្គម Telegram មុន​នេះបន្តិចបានឲ្យដឹងថា ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន​បាន​​ប្រកាសពន្យាពេល​ផ្ទេរកម្មសិទ្ធយានយន្ត​ ដោយរក​​ម្ចាស់​ដើម​មិន​ឃើញ​​ រហូត​ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០​។

យ៉ាងណាមិញលោកស្រី​បាន​សរសេរថា ដោយមើលឃើញថា បងប្អូនជាច្រើនមកធ្វើការផ្ទេរកម្មសិទ្ធិដោយរកម្ចាស់ដើមមិនឃើញ ដូចនេះសម្រេចពន្យាពេលអនុវត្តនីតិវិធីនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (នាយកដ្ឋានកំពុងរៀបចំសេចក្តីជូនដំណឹងផ្លូវការ ដើម្បីធ្វើការផ្សព្វផ្សាយ)។ ដូចនេះ សូមឯកឧត្តម លោក លោកស្រី នៅតែបន្តទទួលនូវពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តពីបងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ។

កាលពីពេល​ថ្មី​ៗ​នេះក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ក៏បាន​ធ្វើ​ការ​បញ្ជាក់ពី​សេចក្តី​ណែនាំ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋ​ដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ប៉ុន្តែ​ពេល​នេះ​បានពន្យាដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០វិញហើយ ៕