ភ្នំពេញ៖ យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៊ី មកកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

ជើងហោះហើរនោះមានលេខ MH754 ដែលជាយន្តហោះពាណិជ្ជកម្ម Malaysian Airlines ហើយនេះគឺជាជើងយន្តហោះពាណិជ្ជកម្មធម្មតា មិនមែនជាជើងយន្តហោះពាណិជ្ជកម្មពិសេសដូចកន្លងមកទេ។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ទូតខ្មែរនៅម៉ាឡេស៉ី បានផ្តាំថា មុននឹងទិញសំបុត្រ ឬបានទិញរួចហើយ ត្រូវតែប្រាកដលក្ខខណ្ឌ២ រួមមាន៖

* ១៖ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។ បើលិខិតឆ្លងអស់សុពលភាព (passport ងាប់) ត្រូវទាក់ទង ឬមកស្ថានទូត ដើម្បីទទួលបានការពន្យល់ណែនាំ។

* ២៖ លិខិតឆ្លងដែនត្រូវមានទិដ្ឋាការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ visa អស់សុពលភាពមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៉ី ឲ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលើសូមទិញសំបុត្រ Online ដោយផ្ទាល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហើយអាចសាកសួរព័ត៌មានបន្ថែមដោយ What sApp ទៅកាន់លេខទូរសព្ទ +60122605359 ៕