បរទេស៖ ប្រទេសចិន បាននិយាយថា ខ្លួនកំពុងបញ្ចូនគ្រូបង្វឹកក្បាច់គុនចំនួន២០នាក់ទៅកាន់បន្ទាត់ព្រំដែនឥណ្ឌា-ចិន ដើម្បីបណ្តុះបណ្តាលកម្លាំងទ័ពទាហានរបស់ខ្លួនដែលកំពុងតែឈរជើងការពារព្រំដែន។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

មិនមានហេតុផលផ្លូវការណាមួយសម្រាប់ការសម្រេចចិត្តនេះទេ ប៉ុន្តែវាកើតឡើងបន្ទាប់ពីកងទ័ពឥណ្ឌាយ៉ាងតិច២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងទាហានចិន នៅនៅ​ព្រំដែន​ជាប់​ជម្លោះ ត្រង់​តំបន់ឡាដាក លើ​ជួរ​ភ្នំហេមពាន្ដ។

យោងតាមកិច្ចព្រមព្រៀងដែលមានតាំងពីឆ្នាំ១៩៩៦ គឺគ្មានភាគីណាមួយមានសិទ្ធិកាន់កាំភ្លើង ឬគ្រឿងផ្ទុះនៅក្នុងតំបន់នោះទេ។ ជាមួយគ្នានេះដែរ ចិនបាន​ចោទ​ទាហាន​ឥណ្ឌា​ថា​ជា​អ្នក​នាំ​រឿង​ ដោយ​បាន​ឆ្លង​ព្រំដែន​ជាប់​ជម្លោះ​ដល់​ទៅ​ពីរ​ដង​ នៅ​ថ្ងៃ​ទី​១៥​មិថុនា និង​បាន​ផ្គើន​​ទាហាន​ចិនមុន ទើប​បង្ក​ឱ្យ​មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា។ ប៉ុន្តែ​ចិនមិនបានបញ្ចេញព័ត៌មានណាមួយអំពីការស្លាប់ និងរបួសរបស់ទាហានខ្លួននោះទេ ខណៈឥណ្ឌានិយាយថាទាហានរបស់ខ្លួន៧៦នាក់បានរងរបួស និង២០នាក់ទៀតបានបាត់បង់ជីវិត។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា គ្រូបង្វឹកក្បាច់គុនចំនួន២០ នាក់មកពីក្លឹប Enbo Fight ដែលមានមូលដ្ឋាននៅរដ្ឋធានីឡាសាបើ បានត្រៀមខ្លួនជាស្រេចក្នុងការបង្ហាត់ក្បាច់គុណដល់កងទ័ពចិន ដើម្បីទប់ទល់ជាមួយកងទ័ពឥណ្ឌា ដោយគ្មានល័ក្ខខណ្ឌក្នុងការប្រើអាវុធផ្ទុះ។

សូម​បញ្ជាក់​ថា ឥណ្ឌា​និង​ចិន មាន​ជម្លោះព្រំដែន តាម​បណ្តោយ​ជួរ​ភ្នំហេមពាន្ត​​ ដោះស្រាយ​មិន​ចេញ​តាំង​ពី​យូរ​មក​ហើយ។ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ តែងកើត​ឡើង​ជា​ញឹកញយ និង​កាន់​តែ​ធ្ងន់ធ្ងរ​​នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប៉ុន្តែគិត​ចាប់តាំងពី​ឆ្នាំ​១៩៧៥​មក ចិន​និង​ឥណ្ឌា​ពុំ​ដែល​មាន​ករណី​ប្រើ​អាវុធ​ ឬគ្រាប់កាំភ្លើង​ផ្ទុះ​ដាក់​គ្នាទេ នៅ​ព្រំដែន​ទេ។ ជម្លោះព្រំដែន​ ​រវាង​មហាអំណាច​ជា​ប្រទេស​ជិតខាង​គ្នា​ ​លើក​ចុងក្រោយ​បផុត​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ១៩៦៧ ក្នុង​ទម្រង់​ជាសង្គ្រាមប្រដាប់​អាវុធ​មួយ​ឆាប​ដែល​ទាហាន​ឥណ្ឌា​ប្រយុទ្ធចាញ់​ទាហាន​ចិន ៕